រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានអះអាងថា ស្ត្រីម្នាក់ដែលជាអតីតប្រពន្ធរបស់ខ្លួន បាននាំបងប្អូនសាច់ញាតិ មកវាយគាត់ជាអតីតប្តីដែលបានលែងលះគ្នាអស់រយៈពេល៨ឆ្នាំមកហើយ ដណ្តើមយកកូនប្រុសអាយុ៨ឆ្នាំ ហើយលួចដកសោរឡានរួចគេចខ្លួនបាត់ សល់តែគាត់អតីតប្តីនិងកូនស្រីប្រពន្ធក្រោយ នៅក្នុងរថយន្តជាប់គាំងកណ្តាលផ្លូវ ទៅណាមិនរួច បង្កការកកស្ទះចរាចរណ៍ និងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបំបែកមុន្នីរ៉េត កែងនិងផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបុរសជាអតីតប្តីបានឲ្យដឹងថា គាត់កំពុងបើកបររថយន្តកូរ៉េមួយគ្រឿង ជិះគ្នា៣នាក់ ក្នុងនោះមានកុមារប្រុសស្រីចំនួន២នាក់ ដោយកូនប្រុសអាយុ៨ឆ្នាំ ។ ចំណែកកូនស្រីអាយុ៣ឆ្នាំ ជាកូនប្រពន្ធក្រោយ ដោយធ្វើដំណើរតាមផ្លូវលេខ២២៣ លុះមកដល់ផ្លូវ២១៧ ព្រះមុនីរ៉េត ស្រា ប់តែអតីតប្រពន្ធដើមរបស់គាត់ មកស្ទាក់រថយន្តគាត់ ហើយលូកដៃទាញយកកូនប្រុសរបស់គាត់មកវិញ តែបុរសជាអតីតប្តីមិនអោយទេ ក៏ទាញចុះទាញឡើង រហូតផ្ទុះហិង្សាដាក់គ្នាប្រាវ ដោយបក្ខពួកបងប្អូនខាងអតីតប្រពន្ធរបស់គាត់ប្រុសស្រី បានមកវាយប្រតាយប្រតប់ រនាលពេញដី ធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទំនាក់ទំនងហៅសមត្ថកិច្ចមកជួយអន្តរាគន៍។
មួយសន្ទុះមកពួកគេក៏បញ្ឈប់ការវាយតប់គ្នា ប៉ុន្តែនៅស្រែកជេគ្នាទៅវិញទៅមក រហូតសមត្ថកិច្ចមកដល់ ក៏នាំគ្នាដើរគេចចេញអស់ព្រមទាំងនាំកូនប្រុសអាយុ៨ឆ្នាំរបស់គាត់ទៅជាមួយផង និងបានដកសោររថយន្តរបស់អតីតប្តីមកកាច់បំបាក់ចោល មិនអោយអតីតប្តីបើកតាមឡើយ ដោយបន្សល់ទុករថយន្តចោលទាំងកណ្តាលផ្លូវ បង្កការកកស្ទះចរាចរណ៍ ដល់អ្នកដំណើរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីជួយសម្រួលផ្នែកចរាចរណ៍ ហើយនាំបុរសជាប្តីទៅកាន់ប៉ុស្តិ៍នគរបាលផ្សារដើមគ ដើម្បីសួរនាំពីរឿងរ៉ាវ បន្ត៕ នង មឿន