ខេត្តពោធិ៍សាត់ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១ និង៤៥នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីមេភូមិជ្រៃក្រឹម បានរាយការណ៍មកសមត្ថកិច្ចថាមាន ករណីរំលោភសេពសន្ថវ: លើអនីតិជនម្នាក់ នៅចំណុចក្បែរសាលាមតេយ្យអង្គការចេរភាព ក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ឆន ឆៃណា (ហៅឆៃ) ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ដើរលក់ខោអាវ រស់នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណែកឯជនរងគ្រោះភេទស្រី អាយុ១៣ឆ្នាំ ។
ក្រោយពីទទួលបានព័ត៌មានរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ លោកមេភូមិ និងប្រជាការពារភូមិជ្រៃក្រឹម ដឹកនាំដោយលោកអនុសេនីយ៍ឯក មឿន សំអុល ឋានៈនាយផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យ ស្រាវជ្រាវ និងជួបជាមួយកុមារីជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ៖ នៅថ្ងៃទី ២១ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ជនរងគ្រោះ និង ប្អូនស្រី បាននាំគ្នាទៅបេះផ្លែត្របែកនៅម្ដុំខាងក្រោយ សាលាមត្តេយ្យអង្គការចេរភាព ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។
ក្មេងស្រីរងគ្រោះបានបន្តរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា ពេលនោះស្រាប់តែជនសង្ស័យ បានជិះម៉ូតូរឺម៉កមកដល់ក៏ឈប់ម៉ូតូរួចជួបជាមួយជនរងគ្រោះ និង ប្អូនស្រីរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យបានឲ្យលុយចំនួន១០០០រៀល ទៅប្អូនស្រីរបស់ជនរងគ្រោះ ដើរទៅទិញនំ រួចជនសង្ស័យ បានចាប់ជនរងគ្រោះ បានមួយសន្ទុះ ក៏ជនសង្ស័យបានបបួលជនរងគ្រោះទៅកន្លែងចម្ការដើមប្រេងខ្យល់ ស្រាប់តែម្ដាយរបស់ជនរងគ្រោះ បានមកទាន់ ហើយឃើញកំពុងដើរចេញពីក្នុងព្រៃហើយកុមារីរងគ្រោះបានប្រាប់ទៅម្ដាយថាជនសង្ស័យខាងលើបានធ្វើសកម្មភាពចាប់រំលោភខ្លួន ពេលនោះម្ដាយឃើញសកម្មភាពបែបនេះក៏រាយការណ៍ជូនលោកមេភូមិ ដោយជនរងគ្រោះបានឆ្លើយប្រាប់ម្តាយថា ជនសង្ស័យខាងលើធ្លាប់បានចាប់រំលោភខ្លួនបានសម្រេចចំនួន២លើក កាលពីកន្លះខែមុន ។
បន្ទាប់ពីជនរងគ្រោះបំភ្លឺហើយ ដោយគោលការណ៍ពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅវេលាម៉ោង៤ នឹង៤៦នាទីល្ងាច បានបញ្ជារឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងម៉ូតូ១គ្រឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕