រាជធានីភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ និងពន្លឿនពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយក្រុមការ ងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតនៅភូមិសំរោង និងភូមិចែងម៉ែង សង្កាត់សំរោងក្រោម។
ក្រុមការងារបានចុះរុះរើសំណង់ផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៦គ្រួសារ ដែលបានឯកភាពទទួលយកសំណងរួចរាល់ហើយ ដើម្បីបញ្ចប់ការដោះស្រាយផលប៉ះពាល់។
សូមជម្រាបថា ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅ ខេត្តព្រះសីហនុ ឆាប់រួចរាល់ទាន់ពេល លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់ឲ្យ លោក ប៉ាង លីដា អភិបាលរង បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿន បានចុះរុះរើសំណង់ ផលប៉ះពាល់ដើម្បីបើកផ្លូវតភ្ជាប់រវាងមហាវិថីឈ្នះឈ្នះ ជាមួយនឹងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតនៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៧ សីហា ២០២១ វេលាម៉ោង៨ និង៣០នាទីព្រឹក។
បើយោងតាមគម្រោងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកា សាងសង់សរុបប្រមាណ ២,០០០ លានដុល្លារ អាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។
ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន ៖ គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង ១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗ មានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្ត គ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។
ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២.៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០.៧៥ម៉ែត្រសងខាង។ សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប ៦ ០១៥ម៉ែត្រ។
សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។
សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។ បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។
សូបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌសហការជាមួយក្រុមការងារ គណៈកម្មការអន្តរក្រសួងបានចុះរុះរើសំណង់ដែលជាផលប៉ះពាល់ដើម្បីបើកផ្លូវតភ្ជាប់រវាងមហាវិថីឈ្នះឈ្នះ ជាមួយនឹងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ស្ថិតនៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។
សូមអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទន្ទឹងរង់ចាំផ្លូវល្បឿនលឿនពី ភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមិនធ្លាប់មានពីមុនមក ហើយនេះក៏ជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕