រាជធានីភ្នំពេញ ៖ អាឃាតក.. សងជីវិតកូនអញវិញមក.. នេះជាសម្លេងទ្រហ៊ោយំរបស់ម្តាយ! ខណៈកូន ដែលជាអ្នករ់សអេតចាយ ត្រូវបានខ្មាន់កាំភ្លើងដៃឆៅ បាញ់ប្រហារចំឆ្អឹងជំនីខាងស្ដាំ បណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយត្រូវបានបុរសម្នាក់បើករថយន្ដឡិចស៊ីស៤៧០ ដឹកយកឲ្យក្រុមគ្រួសារ ក្បែរវត្តទួលសុភាឃួន ដោយប្រាប់ថា កូនអ៊ីត្រូវគេបាញ់ស្លាប់ហើយ កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីម្ដាយរបស់សពយុវជនដែលត្រូវគេបាញ់ បានឲ្យដឹងថា កូនរបស់គាត់មានឈ្មោះ ឃឿន វាន់ឌឿន (ហៅអាត្រង់) មានអាយុ១៨ឆ្នាំ មុខរបរជាអ្នករើសអេតចាយ ស្នាក់នៅផ្ទះជួល ម្តុំផ្សារព្រៃទា ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គាត់ជាម្តាយបានបន្តទៀតថា មុនពេលកើតហេតុ គាត់កំពុងតែសម្រាន្តលក់នៅក្នុងផ្ទះ ស្រាប់តែឮគេហៅឈ្មោះគាត់ ៣ ទៅ៤ ដង គាត់ក៏ចេញមកមើល ស្រាប់តែឃើញបុរសម្នាក់ បើករថយន្តឡិចស៊ីស៤៧០ មានគ្នា៣នាក់ បានមកប្រាប់គាត់ថា កូនប្រុសរបស់អ៊ីត្រូវបានគេបាញ់សម្លាប់ នៅនឹងមុខផ្ទះ ព្រោះតែចូលទៅលួចដែកផ្ទះគេ ភ្លាមនោះគាត់ក៏ស្ទុះមកមើល ឃើញពិតជាកូនប្រុសរបស់គាត់មែន ។
សមត្ថកិច្ចបានប្រាប់មកកាន់ក្រុមការងារ TVFB ឲ្យដឹងថា សមត្ថកិច្ចបានសាកសួរទៅបុរសម្នាក់ ដែលជាអ្នកបើករថយន្ដឡិចស៊ីស៤៧០ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BE-2286 និងអ្នករួមដំណើរ២នាក់ទៀត គេបានប្រាប់សមត្ថកិច្ចថា យុវជនរងគ្រោះ ដែលជាអ្នករើសអេតចាយខាងលើ បានអូសរទេះអេតចាយចូលទៅផ្ទះគេ លួចដែក ក៏ត្រូវបានម្ចាស់ផ្ទះបាញ់ប្រហារបណ្ដោលត្រូវចំមួយគ្រាប់ស្លាប់ភ្លាម ៗនៅនិងកន្លែងកើតហេតុ ។ ពេលនោះក៏មានរថយន្ដឡិចស៊ីសមួយគ្រឿង មានគ្នាសរុប៣នាក់នេះ បានឃើញ ក៏លើកយកយុវជននោះ ដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែមិនមានពេទ្យណាទទួលទេ ក៏សម្រេចចិត្តបើករថយន្ដដឹកសព យកមកអោយក្រុមគ្រួសារ តែម្តង។
ទោះបីជាយ៉ាងណា ជុំវិញករណីបាញ់សម្លាប់យុវជនខាងលើនេះ សមត្ថកិច្ចបាននាំអ្នកបើករថយន្ដ៤៧០ រួមទាំងមនុស្ស២នាក់ទៀត ដែលជាអ្នករួមដំណើរ ទៅប៉ុស្ដិ៍នគបាលរដ្ឋបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើសាកសួរលម្អិត និងចាប់ឃាតករពិតប្រាកដ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀតឲ្យខាងតែបាន ។
ខណៈសាកសពវិញ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ រាយការណ៍ទៅកាន់ជំនាញកោសល្យវិច័យ ចុះមកធ្វើការហ៊ុព័ទ្ធទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យទៅលើសព និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ខណៈម្តាយនិងសាច់ញាតិសព បានយំបោកខ្លួនយ៉ាងខ្លាំង ទាមទាររកភាពយុត្តិធម៌ជូនកូនរបស់គាត់.... ៕ Mrr Ka