Update ៖ ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះធ្វើម្ហូបការ យ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង នៅខណ្ឌមានជ័យ
សន្តិសុខសង្គម
151

រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះធ្វើម្ហូបការ ខូចខាតសម្ភារៈអស់ទាំងស្រុង កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ៣៨០ ផ្លូវបេតុង ក្រុមទី១០ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ស៊ីវ សាំង ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ មេចុងភៅ ហើយចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដោយបានឆេះ ផ្ទះឈើលើក្រោមថ្ម ដែលមានទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ខូចខាតសម្ភារៈអស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា ម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ ១១ឡាន , រថយន្តជំនួយមកក្រសួងមហាផ្ទៃ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន , រថយន្តរបស់ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន និងរថយន្តរបស់ទីក្រុងអូឡាំព្យា ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៥ល្ងាចនាថ្ងៃដដែរ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram