ខេត្តកំពង់ស្ពឺ ៖ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៧និង ៤០នាទី មានប្រជាពលរដ្ឋបានប្រទះម៉ូតូ១គ្រឿង ម៉ាក ZOOMER-X ពណ៌ស–ស្វាយ ពាក់ស្លាកលេខកំពង់ស្ពឺ 1R-5321 និងសាកសពបុរសម្នាក់ឈ្មោះ នូ សុផល ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង តាមបណ្ដោយផ្លូវលំ នៅក្នុងប្រឡាយខាងកើតផ្លូវ ត្រង់ចំណុចខាងជើងភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រវែង៤៥ម៉ែត្រ។
ករណីខាងលើកម្លាំងចំជំនាញផ្នែកសណ្ដាប់ធ្នាប់ ផ្នែកព្រហ្មទណ្ឌនិងផ្នែកពិនិត្យវិភាគស្រុក បានធ្វើការពិនិត្យលើសាកសពឃើញថា បានដួលម៉ូតូខ្លួនឯងធ្លាក់ចូលក្នុងប្រឡាយ ខណៈនៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៦ និង៣០នាទីយប់ ឈ្មោះ នូ សុផល បានទៅហូបស្រាបៀជាមួយឈ្មោះ សនសុភាព នៅភូមិសំរោងទងកណ្ដាល ឃុំសំរោងទង ស្រុកសំរោងទង បន្ទាប់ពីហូបរួចឈ្មោះ នូ សុផល បានឆ្ពោះទៅផ្ទះនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថានៅត្រង់កន្លែងកើតហេតុនោះជាផ្លូវកោងដែលធ្វើជនរងគ្រោះបើកបរលឿនហើយក៏ជ្រុលធ្លាក់ប្រឡាយតែម្តង ដោយករណីខាងលើក្រុមគ្រួសារសាច់ញាតិបានទទួលស្គាល់ថាពិតជាដួលធ្លាក់ប្រឡាយទឹកពិតប្រាកដមែន ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដ៍ មន្រ្ដីបច្ចេកទេស មេភូមិ ។
ពេលនេះទាំងម៉ូតូ និងសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ រួចរាល់ហើយ ៕