រាជធានីភ្នំពេញ ៖ ពិតជាសាហាវមែន ករណីឃាតកម្មមួយបានកើតឡើង ដែលសង្ស័យភ្លើងប្រច័ណ្ឌ ប្ដីចា.ក់ ស.ម្លា.ប់និងឆ.ក់ប្រព.ន្ធរហូតស្លាប់ រួចដកកាំបិតដែលចាក់ប្រពន្ធនោះ យកមកចាក់កខ្លួនឯងតាមក្រោយស្លាប់ទាំង២នាក់យ៉ាងរន្ធត់ កាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកូនស្រីពៅរបស់ជនរងគ្រោះ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ឪពុករបស់គាត់មានឈ្មោះ ឡោ សុធាវិ អាយុ ៤០ឆ្នាំជាង ។ ចំណែកម្តាយមានឈ្មោះ អាំង ស៊ីគូ អាយុ៤០ឆ្នាំជាង ដូចគ្នា ហើយមុនពេលកើតហេតុ គាត់បានឮសំឡេងម្ដាយគាត់ស្រែកឲ្យជួយ ស្រាប់តែឡើងទៅលើផ្ទះជាន់ទី១ ក៏ឃើញឪពុក បានយកកាំបិតចុងស្រួច ចាក់កម្ដាយហូរឈាមស្រែកឲ្យគេជួយ ឪពុកក៏បានចាក់សោទ្វារ រួចយកខ្សែភ្លើងមករុំឆក់ រហូតដល់ម្តាយរបស់គាត់ស្លាប់ រួចជនសង្ស័យដែលជាឪពុកបានធ្វើសកម្មភាព យកកាំបិតចុងស្រួចដែលខ្លួនបានចាក់ប្រពន្ធនោះ យកមកចាក់បំពង់កខ្លួនឯង និងយកខ្សែភ្លើងឆក់ថែមទៀត បណ្ដាលឲ្យស្លាប់ទាំង២នាក់ប្ដីប្រពន្ធតែម្ដង។
កូនស្រីពៅរបស់ជនរងគ្រោះបានបន្តទៀតថា ការសម្លាប់គ្នារបស់ឪពុកនេះ គឺអាចមកពីភ្លើងប្រច័ណ្ឌ ព្រោះរាល់ថ្ងៃឪពុករបស់គាត់បានប្រច័ណ្ឌនឹងម្ដាយគាត់ថាលួចមានប្រុសថ្មី ទើបថ្ងៃនេះកើតរឿងតែម្តង គាត់ជាកូន បានឃើញផ្ទាល់ភ្នែកស្លុតណាស់ តែមិនអាចជួយណាបាន ទាំងឪពុកទាំងម្តាយ បានត្រឹមស្រែកឆោឡោទ្រហោយំ តក់ស្លុតឲ្យអ្នកភូមិជួយតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី២ បានមកដល់បានធ្វើការសាកសួរនាំទៅលើកូនស្រីដែលបានឃើញហេតុការណ៍ និងទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យទៅលើសាកសពប្តីប្រពន្ធទាំង២នាក់ និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ខណៈទុក្ខសោក និងភាពតក់ស្លុតមិនអាចទទួលបានយកទាំងអស់ គឺត្រូវធ្លាក់មកលើកូនៗ យំសោកបោកខ្លួន ដួលនឹងដី ឱបគ្នាយ៉ាងសង្វេគបំផុត ៕ Mrr ka