រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តម៉ាកម៉ាស្តា បើកបរសង្ស័យក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកគូទរថយន្តឡិចស៊ីស RX300 ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Masda មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-9544 បើកបរសង្ស័យក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវជាតិលេខ៥ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្តឡិចស៊ីស RX300 ដែលពាក់ស្លាកលេខ ភ្នំពេញ 2J-8979 បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ប្រភពបន្តថា ពេលនោះ ភាគីទាំងសងខាង បានដោះស្រាយគ្នាបម្រុងនឹងបញ្ចប់គ្នានៅនឹងកន្លែងកើតហេតុទៅហើយ ស្រាប់តែកំពុងរៀបនឹងបើករថយន្ដចេញ ក៏មានរថយន្តស្ទូចមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-6215 បានបុកពីក្រោយចំរថយន្តម៉ាស្តា បណ្ដាលឲ្យរួញរងការខូចខាតមួយកំណាត់ខាងក្រោយថែមទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់បានធ្វើការវាស់វែង ឲ្យយករថយន្តអែបចូលកៀន ដើម្បីដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ Mrr Ka