រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈបុរសជនបរទេសម្នាក់ បើករថយន្តស៊េរីទំនើប សង្ស័យបុកគេហើយបានបើករត់ ត្រូវបានប្រជាពលរដ្ឋជាច្រើនម៉ូតូ នាំគ្នាដេញឃាត់បាន ឈានដល់ការវាយបំបែកកញ្ចក់រថយន្ដ បណ្ដាលអោយរថយន្ដរងការខូចខាត កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ដំបូងឡើយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡង់គ្រឺស័រ ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2BM-1888 បើកបរដោយបុរសជនបរទេសម្នាក់ មិនដឹងជាបានទៅបុកអ្វីនោះទេ ដោយបានព្យាយាមបើករត់ពីកន្លែងកើតហេតុ រហូតដល់ផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានប្រជាពលរដ្ឋជួយដេញតាមឃាត់បានមកវិញ និងទាញដុំថ្មគប់ផងអីផង ព្រោះឃាត់មិនឈប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឃើញក៏ប្រដេញតាម រហូតឃាត់រថយន្តនេះរួមទាំងអ្នកបើកបរបានតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការសាកសួរជុំវិញទីតាំងកើតហេតុ និងបុរសជាអ្នកបើករថយន្តខាងលើ នៅតែមិនដឹងថាបានបុកអ្វីមកនោះទេ ទើបសមត្ថកិច្ចទាក់ទងទៅជំនាញចរាចរណ៍ យករថយន្តនិងអ្នកបើកបរទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសិន ដើម្បីសាកសួរបន្តទៀត ថាតើមានរឿងអ្វីឲ្យប្រាកដ ៕ Mrr Ka