ជិះម៉ូតូទៅស្រុកធ្វើបុណ្យ១០០ថ្ងៃឲ្យម្តាយនៅខេត្តព្រៃវែង បែរជាត្រូវរថយន្តបែនដឹកខ្សាច់ កិ.នស្លា.ប់ម្នាក់ ខណៈស្ត្រីនិងកូន២នាក់ទៀតរបួសធ្ង.ន់នៅផ្លូវជាតិលេខ១
សន្តិសុខសង្គម
420

រាជធានីភ្នំពេញ ៖ រន្ធត់ណាស់ រថយន្តដឹកខ្សាច់មួយគ្រឿង បើកលឿនបត់ ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងរន្ធត់ ខណៈមនុស្សស្រី និងក្មេងម្នាក់ទៀត ដែលត្រូវជាម្តាយកូននិងគ្នារងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈពួកគាត់ជិះម៉ូតូដើម្បីទៅស្រុកទៅធ្វើបុណ្យ១០០ថ្ងៃឲ្យម្តាយដែលស្លាប់ ទាំងដែលឪពុកក៏ស្លាប់ចោលថែមទៀត កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ១ មុខវត្តព្រះច័ន្ទរង្សី ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន ចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ភូមិអង្គតាជា ស្រុកមេសាង ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AV-7131 បានឌុបស្ត្រីម្នាក់ទៀតនិងកូនតូចជិះពីក្រោយតាមបណ្តោយផ្លូវជាតិលេខ១ ពីលិចមកកើត មកដល់មុខច្រកចូលក្លោងទ្វារវត្តព្រះច័ន្ទរង្សី ក៏មានរថយន្តបែនដឹកខ្សាច់មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ TK-0614 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ១ បញ្រ្ចាសគ្នាក្នុងល្បឿនលឿន បត់ឆ្វេងឆ្លងផ្លូវចូលតាមក្លោងទ្វារវត្តព្រះច័ន្ទរង្សី ជ្រុលចង្កូតទៅបុកម៉ូតូ ពេញទំហឹង បណ្តាលឲ្យដួលមនុស្សរួចកិនចំក្បាលបុរសអ្នកបើកម៉ូតូស្លាប់យ៉ាងរន្ធត់ ខណៈស្រ្តីនិងកូនតូចអង្គុយពីក្រោយ របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ភ្លាមនោះរថយន្តបង្កព្យាយាមបើករត់ ត្រូវបានសមត្ថកិច្ច តាមឃាត់ខ្លួនបានទាំងតៃកុងនិងរថយន្ត និងវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែង ដែលជាស្រុកកំណើតតាមប្រពៃណី៕ មេសា


Telegram