ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានគណនីហ្វេសបុកឈ្មោះ Jo Jo ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ជំរាបសួរពូ នាងខ្ញុំរស់នៅ ភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលដោយមានករណីប៉ុនប៉ងមនុស្សឃាត០២លើករួចមកហើយដោយនៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៤ និង៣០ នាទី ឈ្មោះ សាត សិទ្ធ ភេទប្រុស(ត្រូវជាបងប្រុសបង្កើតរបស់នាងខ្ញុំ) បានដេញវាយប៉ុនប៉ងសម្លាប់ខ្ញុំ (លើកទី១) យកកាំបិតផ្គាក់ដេញកាប់ខែមុន (លើកទី២) ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដែលនាងខ្ញុំកំពុងធ្វើស្មៅ នៅចំការម្នាក់ឯង បានស្ទុះរត់មកវាយ តែនាងខ្ញុំបានរត់រួចហើយស្រែកអោយគេជួយហើយបានរត់មកប្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំរួចហើយ សូមបងមេត្តាជួយពន្លឿនរកយត្តិធម៌អោយនាងខ្ញុំផងព្រោះនាងខ្ញុំមានការភ័យណាស់។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ សហការជាមួយ និងកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកចុះស្រាវជ្រាវករណីខាងលើ។
ក្នុងនោះ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ និងកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកបានចុះស្រាវជ្រាវ និងចេញលិខិតកោះអញ្ជើញភាគីពាក់ព័ន្ធ រួមមាន៖
១-ឈ្មោះ សាត សិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (ជនត្រូវចោទ)
២-ឈ្មោះ សាធ លី ភេទស្រី អាយុ៣៥ឆ្នាំ (ដើមចោទ) មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល មកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ដើម្បីធ្វើការសាកសួរ ។
យោងតាមការសួរបំភ្លឺ ភាគីខាង (ដើមចោទ) ឈ្មោះ សាធ លី បានបំភ្លឺថា នៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១ ខ្លួនធ្លាប់មានបញ្ហារឿងដីធ្លីជាមួយឈ្មោះ សាធ សិទ្ធ (ជនត្រូវចោទ) ដែលត្រូវជាបងប្រុសបង្កើតនិងមានការជេរបញ្ចោរគ្នាទៅវិញទៅមកមែន។ លុះមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ សាធ លី(ដើមចោទ) ត្រូវជាប្អូនស្រី បានដើរកាត់តាមដី ឈ្មោះ សាធ សិទ្ធ (ជនត្រូវចោទ) ហើយត្រូវឈ្មោះ សាធ សិទ្ធ ចេញពីធ្វើការរោងចក្រឃើញ ក៏បានជេរបញ្ចោរនិងនិយាយអោយ ឈ្មោះ សាធ លី (ប្អូនស្រីបង្កើត)របស់ខ្លួនថា អញមិនអោយដើរដីអញ ហើយក៏ស្ទុះទៅទាញកាំបិតប៉័ងតោ រកដេញកាប់ឈ្មោះ សាធ លី ត្រូវជាប្អូនស្រីបង្កើតតែឈ្មោះ សាធ លី មើលឃើញបានរត់ស្រែកអោយគេជួយ។ក្រោយមកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ និងបានសំណូមពរមកសមត្ថកិច្ច អោយជួយកោះហៅឈ្មោះ សាធ សិទ្ធ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើកិច្ចសន្យា មិនអោយមានការគំរាមមកលើខ្លួនអញ្ចឹងទៀត។
ដោយឡែក យោងតាមការបំភ្លឺ របស់ឈ្មោះ សាធ សិទ្ធ បានបំភ្លឺថា ខ្លួនពិតជាបានមានទំនាស់ពាក្យសំដីជាមួយប្អូនស្រីខ្លួន និងបានប្រើពាក្យអសុរោះ ទៅលើពួកប្អូនពិតមែន ហើយឈ្មោះ សាធ សិទ្ធ បានប្រើពាក្យថាបើថ្ងៃក្រោយដើរតាមដីអញប្រយ័ត្នមានបញ្ហា ទៀត។
បន្ទាប់ពីស្តាប់ការបំភ្លឺភាគីទាំងសងខាងរួច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ និងកម្លាំងផ្នែកជំនាញស្រុក បានសម្របសម្រួល និងឯកភាពគ្នាតាមការសំណូមពរ របស់ដើមបណ្តឹង ធ្វើកិច្ចសន្យាអប់រំណែនាំ និងដកពាក្យបណ្តឹង ឈប់ប្តឹងផ្តល់គ្នា និងមិនអោយមានការជេរបញ្ចោរ ឫធ្វើការគុំគួនគ្នាទៅថ្ងៃក្រោយទៀតឡើយចាប់ពីពេលនេះតទៅ ៕