អគ្គិភ័យឆេះរោងកម្មករស្នាក់នៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មកររត់ចែកជើងគ្នាព្រាតនៅខណ្ឌដង្កោ
សន្តិសុខសង្គម
333

រាជធានីភ្នំពេញ​​ ៖ ទុស្សេចរន្តអគ្គិសនី ឆេះរោងស្នាក់នៅកម្មករ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយចេញអន្តរាគមន៍ កាលពីវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កម្មករបានចេញទៅធ្វើការបាត់អស់។ លុះពេលដល់ម៉ោងឈប់សម្រាក ក៏បាននាំគ្នាត្រឡប់មកបន្ទប់ស្នាក់នៅវិញ ក៏ឃើញមានផ្សែងហុយឆេះខ្មួលខ្មាញ់ ចេញពីរកកន្លែងស្នាក់នៅរបស់កម្មករ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមនោះរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនប៉េងហួត និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលភ្នំពេញ បានចេញទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ កុំអោយមានការរាលដាលដល់រោងកម្មករក្បែរនោះ និងបុរីដែលកំពុងតែសាងសង់នៅក្បែរកន្លែងកើតហេតុ រហូតរលត់ទៅវិញជាស្ថាពរទាំងស្រុង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃដដែល។

សមត្ថកិច្ចបង្ការនិងពន្លត់អគ្គិភ័យបាន ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីខ្សែកាបលើដំបូលស្នាក់នៅរបស់កម្មករ ។ ហើយក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតឆេះបន្ទប់ស្នាក់នៅចំនួន៣ បន្ទប់និងសម្ភារៈរបស់កម្មករមួយចំនួនតែប៉ុណ្ណោះ៕ មេសា


Telegram