រាជធានីភ្នំពេញ ៖ ស្មានថាគេចខ្លួនរួចមែនទេ? ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានយកដាវកែច្នៃកាប់បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រួចជនសង្ស័យទាំង២នាក់នោះ ក៏បានរត់គេចខ្លួន ដោយយកដាវនោះទៅបោះចោល រត់មកសម្ងំលាក់ខ្លួន។
ទោះបីជាខំប្រឹងសម្ងំលាក់ខ្លួនយ៉ាងណា តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋានខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ យកមកធ្វើការសាកសួរភ្លាមៗ កាលពីវេលាម៉ោង០៦និង៤០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចតារាងបាល់ មួយកន្លែង ម្តុំមាត់ទន្លេ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡាំ យុំាងហ៊ីវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ម្តុំមាត់ទន្លេ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានផ្ទុកសារធាតុញៀន បានកាប់ទៅលើជនរងគ្រោះឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅក្នុងភូមិជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិ ដោយបានចតម៉ូតូទុកនៅជិតនោះ ស្រាប់តែជនសង្ស័យឈ្មោះ ឡាំ យុំាពៅ បានជិះម៉ូតូមកបុកម៉ូតូរបស់ជនរងគ្រោះ ទើបមានការឈ្លោះប្រកែកគ្នា ដោយជនសង្ស័យបានទៅហៅជនសង្ស័យម្នាក់ទៀតឈ្មោះ ឡាំ យុំាហ៊ីវ ជាបងប្រុសបង្កើត មកបានបន្តិច ស្រាប់តែជនសង្ស័យបានយកដាវកែច្នៃដងឈើ ប្រវែងកន្លះម៉ែត្រ មកកាប់ចំពីក្រោយខ្នងជនរងគ្រោះបណ្ដាលឲ្យរយះហូរចេញឈាមដាប រួចក៏នាំគ្នារត់គេខ្លួន ដោយបោះចោលដាវនោះបាត់ ហើយទៅសម្ងំលាក់ខ្លួន ។ ខណៈជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ តែរបួសធ្ងន់ សមត្ថកិច្ចមិនទាន់អាចធ្វើការសាកសួរបាន និងបានមកពាក្យបណ្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចាត់ការតាមផ្លូវច្បាប់។
គ្រាន់តែទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យខាងលើ បញ្ជូនមកធ្វើការសាកសួរ ខណៈជនសង្ស័យឈ្មោះ ឡាំ យាំពៅ បានរត់គេចខ្លួនបាត់។
បច្ចប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ពេជ្រ