រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈរថយន្តដឹកខ្សាច់មួយគ្រឿង បានបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក Range Rover ដែលបើកបរដោយជនបរទេស៣នាក់ ពេញទំហឹង រួចរថយន្តដឹកដីនោះ ក៏ក្រឡាប់ផ្ងារជើងចាក់ដីខ្សាច់ពេញលើរថយន្តRange Roverនោះតែម្តង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៤និង២០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នៅតាមបណ្តោយផ្លូវ៣៣២ កែងជាមួយនឹងផ្លូវ១០៥ ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើករថយន្តធន់ធំ ប្រភេទបែនដឹកខ្សាច់
មួយគ្រឿង ស្លាកលេខ ចង្កូតស្តាំ PP-1562 ពណ៌ស ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ ពីជើងទៅត្បូង ដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏មានរថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ស ស្លាកលេខ ភ្នំពេញ 2BH-8889 បើកបរដោយបុរសជនបរទេស៣នាក់ តាមបណ្ដោយផ្លូវ ៤៣២ ពីលិចទៅកើត ពេលនោះរថយន្តទាំង២ ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកដីក្រឡាប់ផ្ងារជើង ហើយក៏បានធ្លាក់បែន ទៅត្រូវចំនិងរថយន្តRange Rover ពេញទំហឹងទើបបណ្ដាលឲ្យរថយន្ដរងការខូចខាត និងជះខ្សាច់ពេញលើរថយន្តតែម្តង ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តដឹកដី បានបើកទ្វារថយន្ត លោតចុះមកក្រោម រួចក៏បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល សល់តែរថយន្តប៉ុណ្ណោះ។
ភ្លាមនោះក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ពេជ្រ