រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី លួចស្លាកលេខរថយន្ត ក្នុងនោះមាន១នាក់ជាអ្នក ទទួលផលចោរកម្ម ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។ ការបង្ហាញមុខនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
លោក វរសេនីយ៍ទោ អ៊ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក កម្លាំងនគរបាលជំនាញនគរបាលខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់នៅចំណុចទីតាំងផ្សេងៗគ្នា ហើយជនសង្ស័យខាងលើនេះ ក៏ត្រូវបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃនេះផងដែរ។
លោកអធិការរងទទួលផែនព្រហ្មទណ្ឌបានបន្តឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លូនជនសង្ស័យទាំង០៦នាក់ នោះគឺ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូកង់បីឥណ្ឌា (Pass App) ពណ៌លឿង ដែលជាមធ្យមបាយធ្វើដំណើរ បានធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ប្រជាពលរដ្ឋចតរថយន្តទុកនៅមុខផ្ទះពេលរាត្រី នៅមូលដ្ឋានសង្កាត់បឹងរាំង បានសម្រេច ត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រួចមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលដូនពេញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។
ក្រោយការសាកសួរ មន្រ្តីនគរបាលជំនាញបានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣ទៀត ដែលជាអ្នកសមគំនិតលួចនិងអ្នកលួច រួចបន្តស្រាវជ្រាវ រហូតឃាត់បានម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម នៅម្ដុំស្ពានដែក មូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ អ៊ុ ស្រស់