រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ បានឈប់ស្តុប លុះភ្លើងបៃតង ក៏បើកបត់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន ទៅកៀរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus nx200t ខូចខាតមួយចំហៀង តែសំណាងល្អមិនបណ្ដាលឲ្យមានរបួសដល់មនុស្សឡើយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប ម៉ាក Lexus NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-7891 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣០ ពីកើតទៅលិច ខណៈមកដល់ចំណុចស្តុបកែងមហាវិថីព្រះនរោត្តម ក៏បានឈប់ស្តុប ស្រាប់តែមានរថយន្តធន់ធំ ក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-3035 ធ្វើដំណើរស្របទិសគ្នា ខណៈភ្លើងស្តុបពណ៌បៃតង រថយន្តទាំង២បន្តដំណើរទៅមុខ ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់ត៍នៅខាងឆ្វេងឡើងបត់ស្ដាំ បានកៀរថយន្តLexus NX200t នោះបណ្ដាលឲ្យខូចខាតអស់មួយចំហៀងរថយន្តតែម្ដង។
ភ្លាមៗនោះ អាជ្ញាធរខណ្ឌដូនពេញ ចុះមកសម្របសម្រួល និងធ្វើការសម្រួលចរាចរណ៍ ជៀសវាងបង្កការកកស្ទះចរាចរណ៍ ដើម្បីអោយភាគីទាំង២ ធ្វើការសម្រួលគ្នា តែមិនត្រូវ ទើបប្រគល់ឲ្យ នគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យករថយន្តទាំង២គ្រឿងទៅរក្សារទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕ អ៊ុ ស្រស់