ថ្លើមធំ លួចកាបូបរបស់មន្ត្រីនគរបាល ដែលមានទាំងកាំភ្លើង រត់គេចខ្លួនកន្លះខែ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ
សន្តិសុខសង្គម
156

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពលួចកាបូបរបស់ជនរងគ្រោះ ដែលជានគរបាល បានសម្រេច កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយរត់គេចខ្លួនបានកន្លះខែ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោង៧ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ៖

១-ឈ្មោះ ព្រេង ភារ៉ន ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ សាន មេឃ ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ចំណែកជនរងគ្រោះមានឈ្មោះ ឈឹម ច័ន្ទដាវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ នគរបាល ស្នាក់នៅផ្ទះ២៦៤Eo ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។

សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះទុករថយន្ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0964 នៅចំណុចកើតហេតុ រួចទៅហូបនំបញ្ចុកក្បែរនោះ ដោយពុំបានចាក់សោទ្វាររថយន្តទេ ស្រាប់តែជនសង្ស័យ០២នាក់ ដើរមកបើកទ្វាររថយន្តលួចយកកាបូបស្ពាយ ពណ៌ខ្មៅ របស់ជនរងគ្រោះ ដែលក្នុងកាបូបនោះមាន ៖ អាវុធខ្លី០១ដើម ម៉ាក CFK-៩៨ ពណ៌ខ្មៅ, បង់០១, គ្រាប់ ១៥គ្រាប់, ប្រាក់ ៥០០ដុល្លារ, អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ០១សន្លឹក, លិខិតឆ្លងដែន ០១ក្បាល, បណ្ណសម្គាល់យានយន្ត ០១សន្លឹក, អត្តសញ្ញាណបណ្ណនគរបាលជាតិ ០១សន្លឹក, បណ្ណសម្គាល់អាវុធខ្លី០១សន្លឹក, បណ្ណបើកបរនគរបាលជាតិ ០១សន្លឹក, បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១សន្លឹក រួចនាំគ្នាគេចខ្លួនទៅជួបបក្ខពួក ០២នាក់ទៀត ហើយក៏នាំគ្នា ដកយកលុយទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ ចំណែកកាបូប និងសម្ភារ:នៅសល់ រួមនឹងអាវុធខ្លី គឺឈ្មោះម៉េតជាអ្នកទុក។

រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញាបាន ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ តែម្តង ៕ មេសា


Telegram