ម៉ូតូមានបំពង់ស៊ីម៉ាំងត្រឹមត្រូវមិនចង់ជិះទេ យកទៅកែច្នៃដាក់បំពង់ស៊ីម៉ាំងប្រែន លាន់ទ្រហឹងប្រមូលផ្តុំគ្នាជាច្រើនគ្រឿងម្តុំបឹងកក់ ត្រូវសមត្ថកិច្ចចុះបង្ក្រាប!
សន្តិសុខសង្គម
206

រាជធានីភ្នំពេញ៖ កម្លាំងនគរបាល អនុវត្តវិធានការក្ដៅ ចុះធ្វើការចាប់ឃាត់ម៉ូតូធន់ធំ កែច្នៃបំពង់ស៊ីម៉ាំងប្រែន ដែលលាន់លឺសម្លេងកងរំពង រំខានបងប្អូនប្រជាពលរដ្ឋ បានជាច្រើនគ្រឿង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចតំបន់បឹងកក់ ក្បែរកន្លែងវាយកូនហ្គោល ផ្លូវR៨ ក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ គឺមានទាំងកម្លាំងនគរបាលអន្តរាគមន៍ ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬហៅកាត់ SDU សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជាច្រើននាក់ ហើយមុននឹងឈានដល់ការចុះបង្ក្រាបនេះ គឺសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ថាក្រុមម៉ូតូធំ ក៏ដូចជាក្រុមអ្នកកែច្នៃដាក់បំពង់ស៊ីម៉ាំងម៉ូតូខុសបច្ចេកទេ ពោលគឺដាក់សុទ្ធតែបំពង់ស៊ីម៉ាំងប្រែន លាន់ទ្រហឹង ចង់បែកស្លឹកត្រចៀក រំខានដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង បង្កភាពអសណ្តាប់ធ្នាប់ អាណាធិបតេយ្យ ដោយបាននាំគ្នាមកប្រមូលផ្ដុំ ជិះបង្ករសម្លេងថ្លង់ ពេញតំបន់បឹងកក់ ទើបកម្លាំងនគរបាលអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬហៅកាត់ SDU សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះប្រតិបត្តិការ និងចាត់វិធានការក្ដៅឃាត់ម៉ូតូបានចំនួន១៣គ្រឿង (ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូចចំនួន៣គ្រឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ និងផាកពិន័យតាមនីតិវិធីច្បាប់ ៕ ពេជ្រ  


Telegram