ខេត្តព្រះសីហនុ ៖ នារីវ័យជំទង់ម្នាក់ បានស្លាប់ភ្លាមៗ ក្រោយរថយន្តជនជាតិចិន បុកពីក្រោយពីក្រោយម៉ូតូ៣គ្រឿង អូសជាច្រើនម៉ែត្រទាំងមនុស្សនិង ម៉ូតូ បណ្តាលអោយបែកក្បាលធ្លាយខួរ គួរអោយអាសូរ នាវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្ពានអូ០១ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង ០៩ និង៣០នាទីយប់ គាត់បានឃើញរថយន្តទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH - 2123 បើកយ៉ាងលឿនទិសដៅចុះពីចំណោត មកពីមហោស្រពចាស់ តាមបណ្តោយវិថីមិត្តភាពឆ្ពោះទៅអូរ១ បម្រុងទៅអូរ០២ មកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកម៉ូតូនារីនោះ ដែលកំពុងបើកស្របផ្លូវគ្នា ហើយរថយន្តបានបើកបន្តរត់អូសទាំងមនុស្សទាំងម៉ូតូជាច្រើនម៉ែត្រ ពីកន្លែងកើតហេតុ ទើបមនុស្សខ្ទាតចេញពីរថយន្ត។
ប្រភពបន្តថា ពេលនោះ រថយន្តបង្ក បានបន្តបើកទៅមុខទៀត ទៅមកដល់ផ្លូវចុះចំណោតអូរ០២ បុកម៉ូតូ០២គ្រឿងទៀត ដែលគេចតនៅតាមចិញ្ចើមផ្លូវ ទើបប្រជាពលរដ្ឋស្ទាក់ចាប់បា។ សរុបទាំងអស់ ម៉ូតូមានចំនួន៣គ្រឿង ម៉ាកហុងដាសេ១២៥ ម៉ាកស្កុបពី និងម៉ាកអាល់ហ្វា ។
ដោយឡែក ជុំវិញករណីនេះផងដែរ មិត្តនារីរងគ្រោះបានបង្ហើបថា នាងមានឈ្មោះ ស្រី វិន អាយុ២០ឆ្នាំជាង មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ ហើយនៅមុនកើតហេតុ នារីរងគ្រោះ បានមកលេងនឹងរូបគាត់នៅហាងធ្វើសក់មួយសន្ទុះ ក៏បានជិះម៉ូតូចេញទៅក្រៅ ដោយប្រាប់ថា ទៅផ្សាររកទិញមីឆាមួយភ្លេត រហូតលឺគេនិយាយរឿងគ្រោះថ្នាក់ចរាចរណ៍ ក៏សួលេង ដល់ពេលគេប្រាប់ភិនភាកអ្នករងគ្រោះ ទើបដឹងថា ជាមិត្តភក្តិរបស់ខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានមកដល់ ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទាំង៣គ្រឿង រួមទាំងជនបង្ក ជាអ្នកបើករថយន្ត នាំយកទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងដឹកសាកសពនារីរងគ្រោះ ទៅតម្កល់នៅមន្ទីរពេទ្យបង្អែកក្រុង ដើម្បីប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សំណាង