ក្រោយពីមេឃភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បាក់រលំដើមចាន់គីរី១ដើម ដួលកាត់ទទឹងផ្លូវ
រាជធានីភ្នំពេញ ៖ ក្រោយពីមានការធ្លាក់ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ កាលពីវេលាម៉ោង៣ និង ៤៥ នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានបណ្តាលឲ្យដើមចាន់គិរី ចំនួន១ដើមធំ នៅតាមបណ្ដោយផ្លូវ ២០៥ ស្ថិតនៅក្នុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានដួលរលំកាត់ទទឹងផ្លូវតែម្តង។
ប៉ុន្តែតែសំណាងល្អណាស់ នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នកណាម្នាក់ រងរបួសទ្បើយ គ្រាន់តែរងការខូចខាត បង្គោលស្លាកប៉ាន់ណូរបស់បងប្អូនប្រជាពលរដ្ឋមួយដើមតែប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុ ហើយនោះ គេបានឃើញកម្លាំងគណៈឯកភាពសាលាខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកើតហេតុ និងបានយកម៉ាស៊ីនកាត់ដើមឈើ មកកាត់ដើមនិងមែកឈើយកចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ទ្បើងវិញផងដែរ៕ មេសា