រាជធានីភ្នំពេញ៖ នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងលួច ទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងមុខខ្លោងទ្វារវត្តពោធិ៍ញាណ ផ្លូវ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០៥នាក់ដែលឃាត់ខ្លួនបាននេះ រួមមាន
ទី១-ឈ្មោះ យ៉ាត ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដើមគរ ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ ផាន ផារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ទី៣-ឈ្មោះ សុខ ចាន់ឌី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ទី៤-ឈ្មោះ អ៊ុ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ទី៥-ឈ្មោះ អូន ម៉ាលីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមទីសាធារណៈ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ ។
ក្នុងនោះ វត្ថុតាងដកហូតមាន ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០១, កន្ត្រៃកាត់ក្រណាត់ចំនួន០១, សោរខ្សៀលេខ៨ចំនួន០២, សោរខ្សៀលេខ១០ចំនួន០១, ដង្កាប់ចំនួន០២, ទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាក ហូវេ ចំនួន០២គ្រឿង, ម៉ាកវីវ៉ូ ចំនួន០១គ្រឿង, ម៉ាកសាំសុងចំនួន០១គ្រឿង) ,ម៉ូតូរ៉ឺម៉កកង់បី ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ (ម៉ូតូរ៉ឺម៉កចាស់)ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីបញ្ជូនខ្លួនបន្តទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕ មេសា