រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអធ័ម ខណៈជិះម៉ូតូតាមដងផ្លូវ ទាក់ដៃចង្កូតម៉ូតូជាមួយកន្ទុយសណ្តោងរម៉កកុងតឺន័រ ដួលចូលក្រោមរថយន្តកិនបែកក្បាលស្លាប់មួយរំពេចតែម្តង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពបុរសខាងលេីមានអាយុជាង២០ឆ្នាំ ជិះម៉ូតូមួយគ្រឿង ។ ចំណែករថយន្តកុងទីន័រ ម៉ាក FREIGHTLINER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8103 របស់ក្រុមហ៊ុនតេងឡាយ អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។
តាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានប្រជាពលរដ្ឋបានឃើញបុរសម្នាក់ វ័យប្រមាណ២០ឆ្នាំជាង បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV- 8026 ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតជាមួយនឹងកន្ទុយ សណ្តោងរម៉កកុងតឺន័រ ដែលបើកស្របទិសគ្នា ដួលចូលក្រោមរថយន្តកិនបែកក្បាលស្លាប់មួយរំពេចតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូមកអែបខាង ដើម្បីបញ្ជៀសការកកស្ទះ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ខណៈរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នង មឿន