ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ជក់បារីក្នុងពេលស្រវឹងស្រា ហើយក៏បានដេកលក់ដោយមិនដឹងខ្លួន ទើបភ្លើងកន្ទុយបារីនោះ ធ្លាក់មកលើពូក បណ្ដាលអោយឆេះពូក បង្កជាអគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង កាលពីវេលាម៉ោង ៧និង ៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅចំណុច ភូមិអូរត្រាវ ឃុំ អណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យនេះ បានឆេះផ្ទះចំនួន០១ខ្នង សង់អំពីឈើប្រកស័ង្កសីទំហំ ទទឹង ០៥ម៉ែត្រ បណ្តោយ ០៦ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ ផល ហន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្នុង ករណីនេះដែរ សមត្ថកិច្ចក៏បានចេញរថយន្តពន្លត់ អគ្គិភ័យ របស់អធិការដ្ឋានស្រុកព្រៃនប់ចំនួន០១គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ទើបរលត់ទាំងស្រុងនៅថ្ងៃដដែល ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ