ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាក FUSO មួយគ្រឿង បានបុកម៉ូតូសង់សេ១២៥ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង ៤ និង៤០នាទី រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទឹកដីសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនិងប្រជាពលរដ្ឋ នៅទីតាំងកើតហេតុ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-0864 បើកបរដោយបុរស ឈ្មោះ ឆរ ទៀង អាយុ៤២ឆ្នាំ មុខរបរកម្មករកំពុងផែ បានជិះម៉ូតូពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៤ បន្ទាប់មកក៏មានរថយន្ដ១គ្រឿងទៀតម៉ាក FUSO ពណ៌បៃតង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ( រត់បាត់ពីកន្លែងកើតហេតុ ) ក្នុងទិសដៅស្របជាមួយនឹងម៉ូតូ ដោយរថយន្ដកំពុងតែលឿន ក៏ជ្រុលទៅបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូស្លាប់មួយរំពេច ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សំណាង