ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្រធានគណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ ដឹកនាំដោយអភិបាលក្រុងសិរីសោភ័ណ មានការចូលពីកងកម្លាំងទាំង៣ប្រភេទ ក្នុងនោះមាន លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងខេត្ត , លោកវរសេនីយ៍ឯក ស៊ី អធិការនគរបាលក្រុងសិរីសោភ័ណ , លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងកម្លាំងចម្រុះច្រើននាក់ទៀត បាននាំគ្នារុករកសព ក្មេងស្រីជំទង់ម្នាក់បានលង់ទឹកស្ទឹង ក្នុងចំណោម ក្មេងស្រី៤នាក់ ក្រោយបាននាំគ្នាទៅលេងទឹក ត្រូវទឹកហូរគួចយកទៅបាត់ កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នៅចំណុច ខាងលិចសាលាឆាន់ កន្លែងចាក់ដីថ្មី ក្នុងស្ថិតក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ រ៉េត សុខ នាង ភេទស្រី អាយុ១១ឆ្នាំ មានឪពុក ឈ្មោះ រ៉េត សាវុធ ជាកម្មករសព្វថ្ងៃ ធ្វើការនៅប្រទេសថៃនិង ម្តាយ ឈ្មោះ ភាច សុភាព ។ សពក្មេងស្រីរស់នៅជាមួយ ជីដូន ឈ្មោះម៉ៅ ខន អាយុ៦០ឆ្នាំ និងជីតាឈ្មោះ មាឃ សុខុម អាយុ៦៥ឆ្នាំ រស់នៅក្រោយវត្តស្វាយចាស់ហៅវត្តចមសុទ្ធាវាស ស្ថិតក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបន្តទៀតថា៖ តាមការអះអាងរបស់ក្មេងមកលេងទឹកជាមួយបាននិយាយថា នៅវេលាម៉ោង ៣រសៀលនោះក្រុមខ្លួននិងក្មេងស្រីរងគ្រោះ ចំនួន៥នាក់ទៀត សុទ្ធតែស្រីអាយុជាង១០ឆ្នាំទាំងអស់ បាននាំគ្នាមកលេងទឹកនៅចំណុចចាក់ដីថ្មី មុននឹងបាត់ខ្លួនម្នាក់ ពួកគេទាំង០៥បានកាន់ដៃគ្នាបណ្តែតខ្លួន ជាប់មាត់ស្ទឹងមានប្រវែង ដែលមានចម្ងាយពីកន្លែងចាក់ដីថ្មីពួកគេលែងនោះប្រហែល៥០ម៉ែត្រ ខណៈនោះទឹកបានហូរគួចយ៉ាងខ្លាំង ពេលបណ្តែតខ្លួនមិនទាន់ដល់កំពុងទឹកផង ក្មេងស្រីដែលបាត់ខ្លួនអស់ដៃ អស់ជើង ក៏លែងដៃគ្នាហែលឡើងលើគោករៀងៗខ្លួន បាន៤នាក់បានគេចរួចពីសេចក្តីស្លាប់ ចំណែកក្មេងស្រីឈ្មោះ រ៉េត សុខ នាងទឹកគួចយកទៅបាត់។
ក្រោយពីទទួលបានព័ត៌មានលោកបានចុះមកពិនិត្យមើល និងមានការចូលរួមពីកងកម្លាំងទាំង០៣ប្រភេទ មកចូលរួមរុករកសពដោយប្រើប្រាស់កាណូតមានម៉ាស៊ីនជាច្រើនគ្រឿង។ រហូតមកទល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៣រសៀល ទើបកម្លាំងចម្រុះបានរកសពឃើញអណ្តែត នៅក្នុងភូមិចក សង្កាត់ព្រះពន្លា ចម្ងាយពីកន្លែងកើតហេតុប្រហែល០៣គីឡូម៉ែត្រ ៕