រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានជនដៃដល់ជាឃាតក ចាក់និងកាប់សម្លាប់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងរន្ធត់ បង្ការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងនគរបាលជំនាញផ្នែកចក្ខុកោសល្យវិច័យ ចុះមកហ៊ុព័ទ្ធខ្សែដើម្បីពិនិត្យសាកសព កាលពីវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែបង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៨ ដដែលនោះ ក្នុងរោងឈើប្រក់ស័ង្ហសីនៅដីចំការមួយកន្លែង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់មកកាន់ក្រុមការងារ TVFB ឲ្យដឹងថា សពបុរសដែលត្រូវបានគេសម្លាប់នេះ គឺមានឈ្មោះ អាត់ សូត ហៅតា យ៉េត អាយុ៧០ឆ្នាំ ជាអ្នកចាំដីឲ្យគេ បានបែកបាក់ជាមួយប្រពន្ធមុនយូរឆ្នាំមកហើយ រួចមករស់នៅជាមួយប្រពន្ធក្រោយ ឈ្មោះ យាយ ប៉ៅ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា តាយ៉េត ដែលជាជនរងគ្រោះ និងយាយ ប៉ៅ ដែលជាប្រពន្ធក្រោយនេះ គាត់បានរស់នៅចាំដីឲ្យគេ និងសុំម្ចាស់ដី ដាំឈូកលក់លុះដល់យប់កើតហេតុ កណ្តាលអាធ្រាត្រ គឺបានលឺសម្លេងយាយប៉ៅ ស្រែកយំ ឲ្យគេឯងជួយ ថាប្ដីរបស់គាត់ ត្រូវគេសម្លាប់ទៅហើយ។ ដោយគ្មាននរណាម្នាក់ បានដឹងថាមានរឿងអ្វីនោះទេ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកចក្ខុ និងកោសល្យវិច័យក្រុង ចុះមកហ៊ុព័ទ្ធទីតាំងកើតហេតុ និងបាននាំខ្លួន យាយប៉ៅ ដែលជាប្រពន្ធក្រោយរបស់ជនរងគ្រោះដែលស្លាប់ ទៅធ្វើការសាកសួរផងដែរ ។
ក្នុងនោះបើតាមការពិនិត្យលើសាកសព នគរបាលជំនាញផ្នែកចក្ខុ និងកោសល្យវិច័យក្រុង លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានប្រាប់មកកាន់TVFB ឲ្យដឹងថា សពជនរងគ្រោះគឺមានស្នាម កាប់ក ចំឆ្អឹងកងក ផ្នែកខាងស្តាំ១កាំបិត , កាប់បញ្ឆិតស្មារឆ្អឹងខ្នង១កាំបិត , ចាក់លើឆ្អឹងខ្នង ២កាំបិត និងកាប់ក្បាល១កន្លែងទៀត សរុបទាំងអស់៥កាំបិត ដោយប្រើអាវុធតែមួយ គឺកាំបិត ។
ទោះបីយ៉ាងណា រហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់មុខសញ្ញាជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។ សម្រាប់ព័ត៌មានលម្អិតយើងនឹង Update ជូនបន្តទៀត ៕មេសា