ខេត្តពោធិ៍សាត់ ៖ នារីម្នាក់ ត្រូវបានគេសម្លាប់ រួចវិចដាក់ក្នុងបង្វិច ដែលមានភួយរំ បម្រុងដឹកតាមម៉ូតូយកចេញពីផ្ទះសំណាក់យ៉ិនស៊ិនថ្មី តែត្រូវមេការផ្ទះសំណាក់ឃើញទាន់ ក៏ទម្លាក់បង្វិចសពនៅចោល រួចប្រញាប់រត់គេចខ្លួន ទាំងភ័យឆ្លេឆ្លាបាត់តែម្តង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីមេការផ្ទះសំណាក់ខាងលើ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ កាលពីម៉ោង ៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មាននារីម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 1G-8098 បានមកជួលបន្ទប់លេខ៦ដេក។ លុះដល់ម៉ោងខ្ទង់៩យប់ ក៏ឃើញមានយុវជនម្នាក់ទៀត មានវ័យប្រហាក់ប្រហែលគ្នា ចូលក្នុងផ្ទះសំណាក់នេះ ហើយចូលក្នុងបន្ទប់ជាមួយគ្នា ស្រាប់តែម៉ោង៨ព្រឹក បែរជាឃើញទ្វាបន្ទប់នោះចំហរ ហើយយុវជនជាជនដៃដល់នោះ បានទាញបង្វិចមួយ ដែលមានភួយរុំសាកសព អូសចេញពីក្នុងបន្ទប់ដាក់លើម៉ូតូ រៀបនឹងដឹកចេញទៅហើយ តែត្រូវមេការផ្ទះសំណាក់សង្ស័យស្មានថាលួចទ្រព្យសម្បត្តិ ក៏ប្រញាប់មកតាមមើល បែរជាជនដៃដល់រូបនោះភ័យឆ្លេឆ្លា ប្រញាប់ទម្លាក់បង្វិចសពនារីខាងលើចោល រួចរត់បាត់តាមផ្លូវជាតិលេខ៥ ឃើញមិនស្រួលក៏ប្រញាប់នាំគ្នាលាបង្វិចនោះមើល ស្រាប់តែឃើញសពនារីនោះតែម្តង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច។
ភ្លាមៗគ្រាន់តែទទួលបានដំណឹងនេះភ្លាម ក្រោមការសម្របសម្រួលពីលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត នគរបាលជំនាញផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលជំនាញផ្នែកចក្ខុ និងកោសល្យវិច័យ បានចុះដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យជុំវិញទីតាំងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ ខណៈមូលហេតុនៃការសម្លាប់នៅមិនទាន់ដឹងនៅឡើយ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕