រាជធានីភ្នំពេញ ៖ រឿងហេតុសោកសៅជាទីបំផុត ដោយក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានឪពុកធំ (ដែលជាបងប្រុសខាងម្តាយ) ត្រូវជាអុំប្រុស ខំដឹកកង់ ឥវ៉ាន់ អង្ករ មកពីស្រុក យកទៅឲ្យដល់ផ្ទះជួល គ្រាន់តែដាក់ទម្លាក់កង់ឲ្យក្មួយស្រីជិះលេងហើយ លើកអង្កចូលផ្ទះ រួចរាល់ ក៏ឡើងបើករថយន្តដើម្បីដាក់អែបកៀនខាង ស្រាប់តែរយ៉ែថយក្រោយដោយមិនបានមើលគ្រប់ជ្រុងជ្រោយ ជ្រុលកិនក្មួយស្រីខ្លួនឯង កំពុងជិះកង់ទៅវិញទៅមក បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ ឈឹម ម៉ៃហ័រ អាយុ៥ឆ្នាំ មានឪពុកឈ្មោះ សម្បត្តិ ដា អាយុ៣០ឆ្នាំ មុខរបរ កម្មករឃ្លាំងស៊ីម៉ង់ត៍ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកឪពុកធំ (អ៊ុប្រុស) ជាអ្នកបើកបររថយន្តបង្ក ឈ្មោះ ឃាង សុខឃា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បើកបររថយន្ត ត្រូវជាបងប្រុសបង្កើតខាងម្តាយ មានទីលំនៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំបានគេចខ្លួនបាត់ស្រមោល ។
តាមប្រភពពីក្រុមគ្រួសារ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនកើតហេតុ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1638 ខាងលើ បានដឹកបងប្អូន និងអីវ៉ាន់ វិលមកពីស្រុកកំណើត ក្នុងនោះក៏មានកង់មួយគ្រឿងរបស់ក្មេងស្រីរងគ្រោះផងដែរ ដែលឪពុកធំបានដឹកយកមកឲ្យក្មួយ លុះបើករថយន្តមកដល់ផ្ទះជួលទៅហើយ ឪពុកធំជាអ៊ុប្រុស បានដាក់ទម្លាក់កង់ឲ្យក្មួយស្រីរងគ្រោះជាមុន រួចបានដាក់អង្ករ អីវ៉ាន់ចុះតាមក្រោយ រួចរាល់ហើយ ដោយមិនបានចាប់អារម្មណ៍ ក្មួយរងគ្រោះពេលដែលបានកង់ភ្លាមជិះតាមផ្លូវបេតុងចុះឡើងទៅវិញមក ស្រាប់តែឪពុកធំឡើងបើករថយន្តក្នុងបំណងអែបកៀន ខណៈកំពុងតែរយ៉ែថយក្រោយ ដោយមិនបានមើលម៉ត់ចត់ ក៏កិនក្មួយស្រីខ្លួនឯងកំពុងជិះកង់ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង។ ចំណែកឪពុកធំភ័យពេកចុះរត់គេចបាត់ស្រមោល ទុកឲ្យឪពុកម្តាយ ក្រុមគ្រួសារក្មេងស្រី រងគ្រោះ ពេលបានឃើញហេតុការណ៍នេះភ្លាម ក៏យំសោកបោកខ្លួនប្រាណទាំងម្តាយឪពុក អោបសពកូនស្រីយ៉ាងសង្វេគ មិនគួរឡើយណាជួបរឿងបែបនេះសោះ ។
ភ្លាមៗ គេឃើញមានសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យនិងវាស់វែង យករថយន្តទៅរក្សាទុក នៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ អ៊ុ ស្រស់