ម្តាយទើបទិញម៉ូតូ០២១ឲ្យថ្មីៗមុនភ្ជុំ ជិះឌុបមិត្តភក្តិដើរលេងមិនដឹងល្បឿនប៉ុន្មាន មកបុកខឿនផ្លូវហោះបុកបង្គោលភ្លើងស្លា.ប់មួយរំពេច
សន្តិសុខសង្គម
98

រាជធានីភ្នំពេញ​​​​ ៖ ពិតជារន្ធត់ណាស់ ម្តាយយំបោកខ្លួនមិនអាចទទួលយកបាន ទឹកចិត្តម្តាយដែលស្រឡាញ់ថ្នាក់ថ្នមកូន ចង់ឃើញកូនមានរបស់ល្អនឹងគេ ក៏ទិញម៉ូតូសង់ស៊េរី០២១ ថ្មីៗឲ្យកូនមុនភ្ជុំ មិនទាន់មានស្លាកលេខផង បែរជារំលងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ កូនប្រុសបណ្តូលចិត្ត ជិះម៉ូតូឌុបមិត្តភក្តិដើរលេង មិនដឹងជិះក្នុងល្បឿនប៉ុន្មានទេ មកបើកបុកខឿនផ្លូវ ហោះបុកបង្គោលភ្លើងស្លាប់កូនរបស់គាត់មួយរំពេច ខណៈមិត្តភក្តិដែលជិះជាមួយគ្នាម្នាក់ទៀត រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ជិត១យប់ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅផ្លូវទំនប់៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្តីរបស់ម្តាយ ដែលអង្គុយយំស្តាយស្រណោះកូន បានឲ្យដឹងថា កូនប្រុសរបស់គាត់ដែលស្លាប់នេះ មានឈ្មោះ លឹម តុលា អាយុ១៨ឆ្នាំ ទើបតែរៀនថ្នាក់ទី១០ ស្នាក់នៅម្ដុំបែកចាន តែមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈមិត្តភក្តិរបស់កូនគាត់ម្នាក់ទៀតមានឈ្មោះ ផានិត អាយុ១៧ឆ្នាំ រងរបួស ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរីឆ្នាំ២០២១ ចេញពីម្តុំបឹងកក់ ឆ្ពោះទៅខណ្ឌជ្រោយចង្វា ដោយសង្ស័យជិះក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវ រួចផ្លោងបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យយុវជនជាម្ចាស់ម៉ូតូ បែកក្បាលស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀត រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈម៉ូតូវិញបានដួលអូសជាច្រើនម៉ែត្រ។

បើតាមសម្តីរបស់សាច់ញាតិជនរងគ្រោះ ដែលនៅទីតាំងកើតហេតុ បានឲ្យដឹងថា ម៉ូតូដែលជួបគ្រោះថ្នាក់នេះ ម្តាយទើបទិញឲ្យថ្មីៗមុនភ្ជុំ មិនទាន់មានស្លាកលេខផង បែរជាមកជិះជួបរឿងបែបនេះទៅវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក បណ្តោះអាសន្ន រួចប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕


Telegram