រាជរដ្ឋាភិបាល ប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ
សន្តិសុខសង្គម
227

រាជធានីភ្នំពេញ​៖ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ និងបន្ទាប់ពីការជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗដែលគ្មានពន្ធ ឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករជាបន្តបន្ទាប់នៅតាមសាខាគយ និងរដ្ឋាកររាជធានី-ខេត្ត។

ដោយឡែកម្ចាស់រថយន្តចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ ក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួនប្រាក់ពន្ធអាករ និងយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងផងដែរ។

ក្នុងនោះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។

ដោយឡែក ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ រួសរាន់ចូលមកតម្កល់ប្រាក់ពន្ធនិងអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។

សម្រាប់រថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។

នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល ។

ប្រភព៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  / AKP 


Telegram