រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BMW X6 រួមដំណើរជាមួយនារីមួយក្រុម បានបុកគ្នាជាមួយម៉ូតូស្កុបពី ដែលបើកបំពានស្លាកសញ្ញាឈប់ ពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតទៅលើឃឿនផ្លូវ ចំណែកអ្នកជិះម៉ូតូរងរបួសតិចតួច កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ៤៥៦ កែងនឹងផ្លូវ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសបើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW X6 ពណ៌ស ស្លាកលេខ កម្ពុជា LILI-063 រួមដំណើរជាមួយនារីមួយក្រុម ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៥ កែងនឹងផ្លូវ៤៥៦ ពីជើងទៅត្បូង លុះដល់ចំណុចផ្លូវបំបែកជាបួន ក៏មានម៉ូតូស្កុបពី ពណ៌ស ស្លាកលេខ ភ្នំពេញ1HZ-5253 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៥៦ កែងជាមួយនឹងផ្លូវ១៣៥ ពីលិចទៅកើត បើកបរបំពានស្លាកសញ្ញាឈប់ ក៏បុកគ្នាជាមួយនឹងរថយន្តពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតឡើងទៅលើឃឿនផ្លូវរងការខូចខាត ខណៈអ្នកបើកបររងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង បានរថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕ Mrr Tra