ខេត្តកំពង់ធំ ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យ ឆេះលេបត្របាក់ បំផ្លាញរថយន្ត ម៉ូតូ និងទ្រព្យសម្បត្តិ អស់គ្មានសល់ កាលពីវេលាម៉ោង ១២និង ១៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិគគី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ មានទំហំ ៦,៥x១៦ ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើប្រក់ស័ង្គសី មានម្ចាស់ឈ្មោះ ស្វាយ ឃុន ភេទ ប្រុស អាយុ ៥២ ឆ្នាំ បណ្តាលឲ្យឆេះខូចខាត រថយន្តមួយគ្រឿងម៉ាក Hyundai Atoz ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2A -3702, ម៉ូតូកែច្នៃមួយគ្រឿងម៉ាកវ៉េវ គ្មានស្លាកលេខ, ទូរស័ព្ទដៃចំនួន ០៣ គ្រឿង, លុយចំនួន ០១ លាន ១៥ ម៉ឺនរៀលនិង សម្ភារៈប្រើប្រាស់ផ្ទះបាយ និងអីវ៉ាន់ចាប់ហួយមួយចំនួនធំ ថែមទាំងបណ្តាលឲ្យឈ្មោះ ឃុន ខេត ភេទ ប្រុស អាយុ ៣១ ឆ្នាំ ត្រូវជាកូនរបស់ម្ចាស់ផ្ទះ រងរបួសផងដែរ ។
ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាល មក ពី ឆ្លងចរន្តអគ្គិសនី ហើយក្នុងនោះ រថយន្ត ពន្លត់ អគ្គិភ័យ នគរបាលស្រុកប្រាសាទបល័ង្ក ពុំបានចេញអន្តរាគមន៍ទេពីព្រោះទទួលបានព័ត៌មានយឺតយ៉ាវ ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ