ប៉ូលិសខណ្ឌដង្កោ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្រោយចូលគាស់ឃ្លាំងលួចយកសម្ភារៈមួយចំនួនធំ ក្នុងភោជនីយដ្ឋានសែនសប្បាយ៨៨៨៨
សន្តិសុខសង្គម
229

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនបានសង្ស័យម្នាក់ទាំងកណ្តាលយប់ ក្រោយពីធ្វើសកម្មភាព គាស់របងហាងយីហោ៨៨៨៨ លួចបានសម្ភារៈមួយចំនួនដាក់លើម៉ូតូសណ្តោងរ៉ឺម៉ក ហើយព្យាយាមជិះរត់គេចខ្លួនតែរត់មិនរួច កាលពីវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ចិត្តា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ មានឈ្មោះ តាំង លី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈមួយចំនួន រួមមាន ៖

១.ម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿង

២.តុឈើចំនួន០៤

៣.កៅអីឈើចំនួន០៩

៤.ធុងទឹកកក(ធំ)ចំនួន០១

៥.ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅលាយក្រហមចំនួន០១គ្រឿង ។

សមត្ថកិច្ចបានបន្តទៀតថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ដល់ចំណុចផ្លូវលំ ខាងមុខភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យខាងលើ កំពុងបើកម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅលាយក្រហម ចំនួន០១គ្រឿង ដឹកសម្ភារៈមួយចំនួនធំ ពេលឃើញដូច្នេះកម្លាំងសមត្ថកិច្ច មានការសង្ស័យក៏បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានលួចដឹកសម្ភារៈខាងលើ ចេញពីភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ដើម្បីយកទៅលក់ ពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានទាក់ទងទៅជនរងគ្រោះឈ្មោះ អ៊ុន ចិន្តា ភេទស្រី អាយុ៥៣ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវ នៅក្នុងភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ។ បន្ទាប់មកនៅវេលាម៉ោង០៨ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានមកមើលសម្ភារៈដែលសមត្ថកិច្ច ដកហូតពីជនសង្ស័យ រួចបានអះអាងថា សម្ភារៈដែលសមត្ថកិច្ចដកហូតបាន ទាំងអស់នោះ គឺជាសម្ភារៈនៅក្នុងហាងរបស់ជនរងគ្រោះ ហើយសមត្ថកិច្ចក៏បានទៅពិនិត្យមើលកន្លែងកើតហេតុ ឃើញមានស្នាមជនសង្ស័យ គាស់ទម្លាយជញ្ជាំងរបងស័ង្កសី ចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕មេសា


Telegram