ជនសង្ស័យ២នាក់ លួចម៉ូតូប្រជាពលរដ្ឋ ត្រូវនគរបាលខេត្តប៉ៃលិន សហការជាមួយនគរបាលស្រុកកំរៀង ឃាត់ខ្លួនបាន
សន្តិសុខសង្គម
214

ខេត្តប៉ៃលិន ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីជួយស្រាវជ្រាវរកជនសង័្សយ រហូតនគរបាលស្រុកកំរៀង កំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនបានតែម្តង កាលពីវេលាម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នៅចំណុចបន្ទប់ជួលក្រោយសាលាប្រ៊ិក ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឡេង សុភា ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda Zoomer-X ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-7488 ។

លុះមកដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងម៉ូតូចំនួន ០១គ្រឿង ស្ថិតនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជនសង្ស័យទាំង២នាក់រួមមាន ៖

១-ឈ្មោះ វិមុត សិរី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

២-ឈ្មោះ ម៉េង គឹមឡុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាក Honda Zoomer-X ស៊េរីឆ្នាំ២០១៩ ពណ៌ស ចំនួន ០១គ្រឿង ជារបស់ជនរងគ្រោះ , ទួលឡឺវីសសម្រាប់កាច់សោរកម៉ូតូចំនួន ០១ដើម ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram