រថយន្តដឹកឥដ្ឋ ថយចូលការដ្ឋានមិនរួច បើកចេញមកវិញរអិលជាប់ហ្វ្រាំងមិនទាន់ បុករះរថយន្ត២គ្រឿងនិងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង កៀបជាប់គ្នាកកស្ទះចរាចរមួយព្រឹក
សន្តិសុខសង្គម
131

រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង បើករយ៉ែថយក្រោយ ក្នុងបំណងចូលការដ្ឋានសំណង់ តែឡើងទួលមិនរួច ក៏បើកចេញមកវិញបែរជារអិលជាន់ហ្វ្រាំងមិនទាន់ជ្រុលបុករុញរថយន្ត PRADO កៀបជាប់ហើយរុញបុកផ្ទប់នឹងម៉ូតូសណ្តោងរ៉ឺម៉កនិងបុកប៉ះរថយន្តព្រុសមួយគ្រឿងទៀត រងខួចខាតទាំងអស់តែម្តង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ ១០៥K ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0493 ដឹកឥដ្ឋពេញរថយន្ត បានបើករយ៉ែរថយក្រោយ ក្នុងគោលបំណងចូលក្នុងការដ្ឋានសំណង់ក្បែរនោះ ក៏ប៉ុន្តែច្រកចូល មានទួល ហើយមានទឹកភក់រអិល ទើបធ្វើឲ្យរថយន្តថយក្រោយមិនរួច ក៏បើកចេញមកវិញស្រាប់តែរអិលទៅមុខ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងចំរថយន្តម៉ាក PRADO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-7476 បើកបរដោយជនជាតិបារាំង ដែលធ្វើដំណើរទិសដៅពីជើងទៅត្បូង គៀបជាប់គ្នាហើយមិនទាន់អស់ល្បឿនក៏រុញទៅបុកផ្ទប់និងម៉ូតូសណ្តោងរ៉ឺម៉ក ដឹកសម្ភារៈធ្វើសំណង់ របស់កម្មករ កំពុងឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ ស្របពេលនោះក៏បុកប៉ះរថយន្តមួយគ្រឿងទៀត ម៉ាកព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0804 បើកបរដោយស្ត្រីម្នាក់ ពីត្បូងទៅជើង រងការខូចខាតផ្នែកខាងមុខ ជ្រុះដាច់ស្លាកលេខដល់ដី ត្រូវបានរថយន្តបង្កកិនជាន់ជាប់ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ មិនបង្កឲ្យអ្នកណារងរបួសឡើយ គ្រាន់តែខូចខាតសម្ភារៈ ធ្វើឲ្យកកស្ទះចរាចរទាំងស្រុង មិនអាចឆ្លងកាត់បាន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន កម្លាំងសន្តិសុខ ជួយអន្តរាគមន៍ សម្រួលចរាចរណ៍ រង់ចាំជំនាញចុះទៅពិនិត្យ ដើម្បីអូសរថយន្តចេញ ឲ្យចរាចរណ៍បានឡើងវិញ និងអោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ៕ អ៊ុ ស្រស់


Telegram