រាជធានីភ្នំពេញ ៖ របងផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានរងការខូចខាត បន្ទាប់ពីត្រូវរថយន្តធន់ធំមួយគ្រឿងបើកបុកយ៉ាងពេញទំហឹង ខណៈរថយន្តនេះ បានបួងចង្កូតគេចចេញពីរថយន្តមួយគ្រឿងទៀតនៅខាងមុខ ដែលកំពុងបត់ត្រឡប់ក្រោយ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅផ្លូវបេតុង ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តធន់ធំមួយគ្រឿង ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3C - 8957 បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរនៅលើផ្លូវបេតុង ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកនៅពីមុខ កំពុងតែរយ៉ែចុះឡើងក្នុងគោលបំណងបត់ត្រឡប់ក្រោយ ក៏ធ្វើឲ្យរថយន្តធុនធំវ៉ាក់អើ ជាន់ហ្វ្រាំងអូសមួយទំហឹងនិងបួងចង្កូតគេចនៅខាងស្ដាំដៃ ជ្រុលទៅបុកចូលរបងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឱ្យរងការខូចខាតបាក់បែករាយប៉ាយពេញផ្លូវ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុ និងបានជួយធ្វើការសម្រួលគ្នារវាងភាគីខាងរថយន្ត ជាមួយម្ចាស់ផ្ទះ ដោយការសងសំណង ដើម្បីបញ្ចប់រឿងនៅនិងកន្លែងតែម្តង ៕ អ៊ុ ស្រស់