រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL ត្រូវបានលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ជើងទឹកនិងផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់អង្គភាព TVFB នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះថា ក្រោយឆែកលេខ គឺឃើញថា ពិតជារថយន្តរបស់អតីតភរិយាលោក ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា ពិតមែន (ដាក់សំឡេង ) ។
សូមបញ្ជាក់ថា រថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL មួយគ្រឿងនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ បុករបាំងថ្មពុះចែកផ្លូវ និងបង្គោលភ្លើង បាក់ចំនួន១ដើម បណ្ដាលអោយរថយន្ដរងការខូចខាតយ៉ាងដំណំ នៅកន្លែងកើតហេតុគាំងជាប់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុពេលកើតហេតុ គេបានឃើញ រថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL មួយគ្រឿងនេះ បានបើកក្នុងល្បឿនលឿនពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុករបាំងថ្មចែកផ្លូវនិងបង្គោលភ្លើងបាក់ចំនួន១ដើម បណ្ដាលអោយរថយន្ដនោះ រងការខូចខាតយ៉ាងដំណំនៅកន្លែងកើតហេតុ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុ គេឃើញមានមនុស្សមកដោះស្លាកលេខចេញពីរថយន្តបាត់ ទំនងមិនចង់ឲ្យគេស្គាល់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង តែអ្នកបើករថយន្តបានគេចខ្លួនបាត់អស់ទៅហើយ ដោយបន្សល់ទុកតែរថយន្តបង្កខាងលើនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ទើបសមត្ថកិច្ចធ្វើការស្ទូចរថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត ៕