រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលទួលសង្កែទី១ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ឃើញបុរសម្នាក់កំពុងបណ្តើរម៉ូតូអស់សាំង ក៏ធ្វើល្បិចជួយជូនទៅកន្លែងលក់សាំង លុះដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះ តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋចាប់បាន ប្រគល់ឲ្យកម្លាំងប៉ុស្ដិ៍នគបាលទួលសង្កែទី១ ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅផ្លូវ K៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូសង់កូរ៉េមួយគ្រឿង ដែលពាក់ស្លាកលេខ កណ្ដាល 1E-2610 ជិះចេញពីស្ពានទី១០នៅផ្លូវ៦A មកទិញអីញាំ លុះដល់ចំណុចកើតហេតុ ផ្លូវK៥ម្ដុំទួលសង្កែ ម៉ូតូអស់សាំងក៏ចុះបណ្តើរ ស្រាប់តែមានជនសង្ស័យ២នាក់ មកសួរថាម៉ូតូ អស់សាំងមែនទេ ចាំពួកខ្លួនជួយទិញឲ្យ លុះជូនមកដល់កន្លែងស្ងាត់ ជនសង្ស័យទាំង២នាក់នោះ ក៏បានយកដុំថ្មនិងដំបងវាយ មកលើកជនរងគ្រោះ ទើបភ័យពេកស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចេញមកព្រួតវាយ ជនសង្ស័យទាំង២នាក់យ៉ាងចាស់ដៃ ទើបប្រគល់ជូនសមត្ថកិច្ច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទួលសង្កែទី ១ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនិងនាំជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមបន្តតាមនីតិវិធីច្បាប់បន្តទៀត ។
ជុំវិញករណីខាងលើ លោក អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់មកកាន់អអ្គភាព TVFB នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ ៕ Mrr Ka