រថយន្តមួយគ្រឿង ត្រូវបានរថភ្លើងដែលបើកឆ្លងកាត់ផ្លូវគ្មានដាក់ប៉ារាស់ឲ្យឈប់ បើកមកបុកពេញទំហឹង ខ្ទេចរថយន្តខាងមុខ បណ្តាលឲ្យបុរសម្នាក់របួ.សធ្ង.ន់
សន្តិសុខសង្គម
813

ខេត្តព្រះសីហនុ ៖ រថយន្តស៊ាំយ៉ុងមួយគ្រឿង កំពុងបើកបរឆ្លងកាត់ផ្លូវដែលគ្មានការបិទប៉ារាស់បញ្ជាឱ្យឈប់ មានរថភ្លើងឆ្លងកាត់ ស្រាប់តែត្រូវរថភ្លើងមួយខ្សែ បើកយ៉ាងលឿនមកបុកពេញទំហឹង ខ្ទេចក្បាលខាងមុខដំណំ និងបណ្តាលឲ្យអ្នកបើកបររថយន្តនោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨០-១៨១ ក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្ដ ០១គ្រឿងម៉ាក SAGNYOGN ពណ៌សពាក់ស្លាក លេខ ភ្នំពេញ 2T-4730 បើកបរដោយឈ្មោះឈុន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ។ លុះមកដល់ចំណុចខាងលើ ត្រូវបានរថភ្លើង០១ខ្សែ ដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ដែលមិនបានដាក់ប៉ារ៉ាស់ហាមឃាត់អ្នកដំណើរឆ្លងកាត់នោះទេ បានបើកមកក្នុងល្បឿនលឿន បុករថយន្តនេះពេញទំហឹងតែម្តង បណ្តាលឲ្យបុរសម្នាក់ ឈ្មោះ ឈុន សុខជា អ្នកបើកបររថយន្ដ របួសធ្ងន់ ត្រូវបានបញ្ជូនមកព្យាបាលនៅឃ្លីនិកឯកជន លី គីមឌី ឃុំវាលរេញ។

ចំណែក វត្ថុតាង ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្តតាមច្បាប់ ៕ សំណាង


Telegram