រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដោយមានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប , មន្ត្រីក.ប.ប ប្រចាំសាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាក់ស្តែង នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formaline លើគ្រឿងសមុទ្រទាំងនោះឡើយ តែបានរកឃើញថាបង្គា និងបង្កងទឹកសាបចំនួន ៥០.៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយ ដើម្បីកេងប្រវ័ញ្ច លើប្រជាពលរដ្ឋជាភ្ញៀវ ក៏ដូចជាអ្នកបរិភោគ។
ក្រោយពីបានត្រួតពិនិត្យឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់បន្តទៀត៕