ស្រ្តីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវជនសង្ស័យមួយក្រុមឆក់កាបូបមិនបានសម្រេច ដួលរងរបួសធ្ងន់បែកមុខមាត់
សន្តិសុខសង្គម
467

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានស្រ្តីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានជនសង្ស័យមួយក្រុម មានគ្នាចំនួន០៤នាក់ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីនោះ មិនបានសម្រេច បណ្ដាលឲ្យស្រ្តីខាងលើដួលបោកក្បាល និងរងរបួសបែកមុខ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង ១១និង៥៥នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចដែលចុះមកដល់ទីតាំងកើតហេតុបានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា បើតាមការសាកសួរស្រ្តីរងគ្រោះខាងលើ មានឈ្មោះ ឃុន ភី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ពងទាកូន ។

ក្នុងនោះតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះជិះម៉ូតូម៉ាក wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-4652 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ពីលិចទៅកើត លុះមកដល់ចំណុចមុខមន្ទីរពេទ្យកុមារជាតិ ស្រាប់តែលេចមុខក្រុមជនសង្ស័យ មួយក្រុមជិះម៉ូតូ ២គ្រឿង មានគ្នា០៤នាក់ ធ្វើដំណើរស្របទិសគ្នា បានធ្វើសកម្មភាពឆក់កាបូបរបស់ស្រ្តីកំពុងជិះម៉ូតូ តែមិនបានសម្រេច បណ្ដាលឲ្យម៉ូតូស្រ្តីរងគ្រោះដួលបោកទៅលើផ្លូវ រងរបួសធ្ងន់ធ្ងរ បែកមុខមាត់តែម្តង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសាកសួរនាំស្រ្តីរងគ្រោះនិងបានឲ្យស្ត្រីខាងលើទៅប៉ុស្តិ៍ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកល្អក់ទី១ តែស្រ្តីរងគ្រោះមិនទៅនោះឡើយ ដោយថារង់ចាំប្តីគាត់មកសិន លុះពេលប្តីគាត់មកដល់ ក៏នាំប្រពន្ធទៅឡើងជិះកង់បីឥណ្ឌាទៅបាត់ ដោយមិនទាន់បានទៅដាក់ពាក្យបណ្តឹងនោះទេ ៕នង មឿន


Telegram