រាជធានីភ្នំពេញ ៖ តៃកុងរថយន្តដឹកឥដ្ឋធន់ធំមួយគ្រឿង ដែលកំពុងតែបើកបរតាមបណ្ដោយផ្លូវមហាវិថីព្រះមុន្នីវង្ស ខណៈជាន់ហ្វ្រាំងមិនស៊ី ក៏សម្រេចចិត្តបួងចង្កួតរថយន្ត ទៅបុកដើមឈើមួយដើម នៅក្បែរចិញ្ជើមផ្លូវដើម្បីបញ្ឈប់រថយន្ត ជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដ៍ទៃទៀត កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ចំណុចភ្លើងស្តុប នៅក្បែរក្រុមហ៊ុនលក់រថយន្តមួយកន្លែង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន បុរស២នាក់ ជាតៃកុង និងព្រូ រថយន្ត បានបើករថយន្តធន់ធំដឹកឥដ្ឋ ប្រភេទកូរ៉េទ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0198 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស ពីជើងទៅត្បូង ខណៈកំពុងបើកជិះដល់ចំណុចស្តុប ក្បែរក្រុមហ៊ុនលក់រថយន្តមួយកន្លែង តៃកុងរថយន្ត បានជាន់ហ្វ្រាំងបន្ថយល្បឿន តែហ្វ្រាំងមិនស៊ី ក៏សម្រេចចិត្តបួងចង្កួតរថយន្តទៅបុកដើមឈើមួយដើម ក្បែរនឹងចិញ្ជើមផ្លូវ ដើម្បីបញ្ឈប់រថយន្ត បណ្ដាលឲ្យដើមឈើបាក់មួយដើមផងដែរ ជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវដ៍ទៃទៀត។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យ និងបានទាក់ទៅនគរបាលជំនាញ ស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕នង មឿន