បើកប្រហើនណាស់! រថយន្តស្ទូច បើកលឿនលុះដល់ស្តុបក្រហម ជាន់ហ្វ្រាំងមិនស៊ី បុករះរថយន្ត២គ្រឿងនិងកង់បីឥណ្ឌាមួយគ្រឿង ខ្ទេចយ៉ាងដំណំ
សន្តិសុខសង្គម
141

រាជធានីភ្នំពេញ ៖ រថយន្ត២គ្រឿង និងម៉ូតូកង់បីមួយគ្រឿង បានរងការខូចខាត ខណៈកំពុងឈប់ស្តុប ស្រាប់តែមានរថយន្តស្ទូចមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន ជ្រុលមកបុករះទាំងកំរោល រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៣ និង២៥នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នៅតាមផ្លូវហាណូយ កែងផ្លូវឧកញ៉ាម៉ុង រិទ្ធី ជាប់ភ្លើងស្តុប២៤ម៉ោង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ភាគីរថយន្តបង្ក ប្រភេទរថយន្តស្ទូច ។ ចំណែកយានរងគ្រោះទាំង៣គ្រឿង ទី១ ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-7707 រងខូចខាតផ្នែកខាងក្រោយ ។ ទី២ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-7196 រងខូចខាតបែកកញ្ចក់ ខ្ទេចផ្នែកខាងក្រោយដំណំ ។ ទី៣ ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ 1IG-3519 រងខូចខាតផ្នែកខាងក្រោយ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តស្ទួច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6192 បានបើកបរតាមបណ្តោយផ្លូវហាណូយ ពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ហ្វ្រាំងមិនសូវស៊ីផង ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-7707 កំពុងតែចតលើសំយាបផ្លូវពេញទំហឹង រងការខូចខាត រួចបន្តទៅបុកពីក្រោយ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-7196 និងបន្តរុញទៅបុកពីក្រោយម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ 1IG-3519 មួយគ្រឿង ដែលកំពុងនាំគ្នាឈប់ស្តុបក្រហម បន្ថែមថែមទៀត បណ្តាលឲ្យរងខូចខាតយ៉ាងដំណំ តែសំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍នៅចំណុចគោលដៅខាងលើ បានជួយសម្រួលចរាចរណ៍និងទុកពេល ឲ្យម្ចាស់ភាគីរថយន្តនិងម៉ូតូកង់បីឥណ្ឌាសរុបទាំង៤គ្រឿងចរចារគ្នាមួយជំហ៊ានសិន ប់មិនត្រូវគ្នាទេសមត្ថកិច្ចនឹងវាស់វែង ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕អ៊ុ ស្រស់


Telegram