សមត្ថកិច្ចខេត្តព្រៃវែង ចាប់ខ្លួនក្រុមចោរលួចនិងប្លន់បានចំនួន៣នាក់ ក្នុងចំណោមបក្ខពួកសរុប៥នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្ម និងកំពុងបន្តចាប់បក្ខពួកដែលនៅសេសសល់
សន្តិសុខសង្គម
153

ខេត្តព្រៃវែង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយមានការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីចោរលួច-ប្លន់ម៉ូតូជាច្រើនគ្រឿង នៅភូមិសាស្ត្រស្រុកពារាំង ខេត្តព្រៃវែង ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង ប៊ុនធឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកពារាំង ចុះធ្វើការស្រាវជ្រាវ និងបង្ក្រាប ។

ជាក់ស្តែងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០ នាទីព្រឹក សមត្ថកិច្ចនគរបាលស្រុកពារាំង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេសរប្រចាន់ បានបង្ក្រាបករណីចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅចំណុចវាលស្រែ ស្ថិតនៅភូមិសន្លុង ឃុំរកា និងវាលស្រែ ស្ថិតនៅភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ស្រុកពារាំង និងបានឃាត់ខ្លួនក្រុមចោរចំនួន ០៣នាក់ និងបានរកឃើញម៉ូតូពីក្រុមចោរ០១គ្រឿងទៀតផង។

ចំពោះករណីនេះ សមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទាំង០៣នាក់ រួមទាំងវត្ថុតាងទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវីធី។

ផ្អែកតាមលទ្ធផលនៃអនុវត្តវិធានការជំនាញ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណមុខសញ្ញាបក្ខពួកក្រុមចោរលួច-ប្លន់ សរុបចំនួន០៥នាក់ និងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់មកផ្តន្ទាទោសតាមច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មាន សាធារណជន និងពិសេសបណ្តាញទំនាក់ទំនងសង្គម ដែលតែងតែសហការផ្តល់ព័ត៌មាន ឬតម្រុយនៃការប្រព្រឹត្តបទល្មើស ដើម្បីសមត្ថកិច្ចមានមូលដ្ឋាន ចាត់វិធានការអនុវត្តជំនាញ ឬ វិធានការច្បាប់បានទាន់ពេលវេលា ៕


Telegram