ទំនិញខូចគុណភាពប្រមាណ ១៤០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៦៩០លីត្រ ត្រូវបានមន្ត្រីក.ប.ប. ដកហូត ក្នុងរាជធានី ខេត្តចំនួន ៥
សន្តិសុខសង្គម
109

រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញខូចគុណភាពប្រមាណ ១៤០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៦៩០លីត្រ ត្រូវបានមន្ត្រីក.ប.ប. ដកហូត ក្នុងរាជធានី ខេត្តចំនួន ៥ ។

ក្នុងនោះ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ មន្ត្រីក.ប.ប. បានចុះឃ្លាំពិនិត្យទីផ្សារមួយចំនួនស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកំពត និងខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងទំនិញក្លែងបន្លំ មិនឲ្យបន្តចែកចាយនៅក្នុងទីផ្សារនានាក្នុងប្រទេសកម្ពុជា។

ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញបានរកឃើញទំនិញជាគ្រឿងឧបភោគ បរិភោគដែលខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ចំនួន ១៤០.៧០គីឡូក្រាម រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៩០លីត្រផងដែរ។

ទំនិញទាំងអស់នេះត្រូវបាន មន្រ្តីជំនាញធ្វើការដកហូតដើម្បីកម្ទេចចោល និងបានធ្វើការពិន័យអន្តរការណ៍ ក៏ដូចជាណែនាំដល់ម្ចាស់ទំនិញឲ្យបញ្ឈប់ការចែកចាយទំនិញមិនអនុលោមទៅកាន់ប្រជាពលរដ្ឋ៕


Telegram