រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកទៅបុករថយន្តព្រូស ដែលចតចោលនៅចិញ្ចើមផ្លូវ រួចខ្ទាតរថយន្តស៊េរីទំនើបនោះ ហោះឡើងសួនច្បារចែកទ្រូងផ្លូវមកចំហៀងផ្លូវម្ខាងទៀត ចំណែករថយន្តព្រូសវិញខ្ទេចស្ទើរទាំងស្រុងផ្នែកខាងក្រោយ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះដល់កន្លែងកើតហេតុ បានប្រាប់ ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋ បានឃើញ រថយន្ត ស៊េរីទំនើបមួយគ្រឿង ម៉ាក BAIC BEIJING X7 ពាក់ស្លាកលេខ ភ្នំពេញ 2MB-9119 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវព្រះស៊ីសុវត្ថិ ក៏បានបុកគ្នាជាមួយនឹងរថយន្ដព្រូសមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2 AU-3639 ដែលចតទុកចោលនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្ដស៊េរីទំនើបនោះ ហោះឡើងសួនច្បារមកចំហៀងផ្លូវម្ខាងទៀត និងបណ្ដាលឲ្យរថយន្ដទាំង២គ្រឿង ម្ខាងខ្ទេចក្បាលខាងមុខយ៉ាងដំណំ និងម្ខាងទៀតខ្ទេចផ្នែកខាងក្រោយស្ទើរទាំងស្រុង តែម្តង ។
ក្រោយកើតហេតុ គេឃើញមាន សមត្ថកិច្ចជំនាញចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕ Mrr Ka