រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ដាច់កដៃយ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តកូរ៉េឃ្លប់មួយគ្រឿង បើកបោះពួយក្នុងល្បឿនលឿន ជ្រុលទៅបុករុញរថយន្តចំនួន៣គ្រឿង បន្តបុកប៉ះម៉ូតូចំនួន២គ្រឿង និងម៉ូតូកង់បីឥណ្ឌា១គ្រឿងទៀត ពេញទំហឹង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវ៣០ម៉ែត្រ ហៅផ្លូវទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្តបង្កកូរ៉េឃ្លប់មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5920 បើកបោះពួយល្បឿនលឿន ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូ ២គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-0634 ជិះដោយបុរស២នាក់ រងរបួសធ្ងន់ធ្ងរ ដាច់ដៃម្នាក់ និងម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-6511 ជិះដោយនារី២នាក់ រងរបួសស្រាល ហើយរថយន្តមិនអស់ល្បឿនក៏បន្តទៅបុក រថយន្ត4Runner ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-8630 ហើយរុញបន្តទៅបុក រថយន្តស៊ីទែនដឹកប្រេងឥន្ធនៈមួយគ្រឿងទៀត ម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3D-9054 ក៏បន្តរុញផ្ទប់បុកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-5859 ខណៈកំពុងតែបើកបត់បម្រុងទៅអែបផ្លូវម្ខាង និងបន្តរុញបុកផ្ទប់ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងទៀត ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6274 តែម្តង ខណៈមធ្យោបាយធ្វើដំណើរទាំងអស់ គឺបើកបរស្របទិសដូចៗគ្នា។
សូមបញ្ជាក់ថា សរុបមក មធ្យោបាយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺមានទាំងអស់ចំនួន៧គ្រឿង និងមានអ្នកមនុស្សប្រុស២នាក់ រងរបួសធ្ងន់ធ្ងរ និងនារីកម្មការនីរោងចក្រ២នាក់ រងរបួសស្រាល ។ ចំណែកអ្នកបើករថយន្តបង្ករួមនិងរួមដំណើរជាមួយបានរត់គេចខ្លួនបាត់ស្រមោល ។
ក្នុងនោះ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កខាងលើ ដែលបង្កអោយមានគ្រោះថ្នាក់បុករះនេះ គឺបណ្តាលមកពីហ្វ្រាំងមិនសូវស៊ី ហើយគួរផ្សំនិងការបើកបរខ្វះការប្រុងប្រយ័ត្នថែមទៀត ទើបកើតមាននូវហេតុការណ៍នេះតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះចំនួន២នាក់ ដែលរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្ត ម៉ូតូ ម៉ូតូកង់បី ទាំង៧គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងយកទៅរក្សាទុកការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ៕ អ៊ុ ស្រស់