រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបើកបុកបង្គោលភ្លើង និងរបាំងពុះចែកផ្លូវ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលា ម៉ោង០២ និង ២០នាទី ត្រង់ចំណុចមុខវិហារចិន មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងលទ្ធផល នៃចំណាត់ការ របស់សមត្ថកិច្ច
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះ។
ក្នុងហេតុការណ៍នោះ សមត្ថកិច្ចជំនាញ បានចុះធ្វើការពិនិត្យនៅជុំវិញ និងបរិវេណកន្លែងកើតហេតុ ហើយជាលទ្ធផលរកពុំឃើញមានកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាពពេលកើតហេតុ នោះទេ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានលើកឡើងក្នុងផ្លូវការដដែលនោះ បន្តឲ្យដឹងទៀតថា ជុំវិញហេតុការណ៍នេះដែរ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វើការនាំយករថយន្តបង្កហេតុ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វើការកោះអញ្ជើញម្ចាស់រថយន្តបង្ក ឱ្យចូលខ្លួន បំភ្លឺ និងទទួលខុសត្រូវ លើករណីបង្កនេះ ។
ក្រោយពីធ្វើការស្រាវជ្រាវ និងស្តាប់ចម្លើយរបស់ឈ្មោះ ចិន ពុទ្ធឆាត ភេទប្រុស ជាតំណាងម្ចាស់រថយន្ត បានបញ្ជាក់ថាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ គឺឈ្មោះ ដេត ឫទ្ធី ភេទប្រុស ជាបងប្រុសបង្កើតរបស់ម្ចាស់រថយន្ត ។ ជាមួយនោះដែរឈ្មោះ ដេត ឫទ្ធី ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ខ្លួន ពិតជាអ្នកបើករថយន្ត Roll Roy របស់ប្អូនស្រីគាត់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ដោយគាត់បានធ្វើដំណើរចេញពីហាងមួយកន្លែង នៅជិតផ្សារTK ក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ ដល់កន្លែងកើតហេតុ បានជែងរថយន្តមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម និងបង្គោលភ្លើងបំភ្លឺផ្លូវ ។
សមត្ថកិច្ចបន្តទៀតថា ដោយទទួលស្គាល់នូវកំហុស ជនបង្កក៏បានយល់ព្រម សម្របសម្រួលបញ្ចប់ ដោយបានសងសំណងទៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ម្យ៉ាងវិញទៀតករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡើយ ជាមួយនោះដែរខាងមន្ទីរសាធារណ:ការ ក៏មិនបានដាក់ពាក្យបណ្តឹងលើករណីនេះដែរ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសបញ្ជាក់ជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាបថា ការអនុវត្តច្បាប់ គឺយោងទៅលើភស្តុតាងច្បាស់លាស់ មិនមែនជាការចោទប្រកាន់ខុស ឬត្រូវ ទៅតាមការគិត ឬនឹងឃើញនោះទេ ។ បើមានភស្តុតាងច្បាស់លាស់ សមត្ថកិច្ចជំនាញនឹងចាត់ការតាមវិធានការច្បាប់ ហើយបើគ្មានភស្តុតាងច្បាស់លាស់នោះទេ ក្នុងនាមជាអ្នកអនុវត្តច្បាប់មិនអាចចោទប្រកាន់បុគ្គលណាម្នាក់បានថា អ្នកនោះជាអ្នកបើកបរ អ្នកនោះបើកបរក្នុងស្ថានភាពស្រវឹង ឬហេតុផលណាមួយដោយគ្មានភស្តុតាងបានឡើយ ៕