ចាប់ខ្លួនបុរសម្នាក់ ដកហូតម៉ូតូ១១គ្រឿង និងស្លាកលេខ១៤សន្លឹក ពាក់ព័ន្ធការទិញលក់ម៉ូតូដែលមានស្លាកលេខក្លែងក្លាយ
សន្តិសុខសង្គម
263

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ និងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ ដកហូតបានម៉ូតូជាច្រើនគ្រឿង និងស្លាកលេខជាច្រើនសន្លឹក កាលពីវេលាម៉ោង ១០ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះ មានឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) បានលក់ម៉ូតូគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវឲ្យទៅជនរងគ្រោះឈ្មោះ អាន តូរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងនោះ សមត្ថកិច្ចធ្វើការដកហូតពីជនសង្ស័យបានរួមមាន ម៉ូតូ០១គ្រឿងម៉ាកXR ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FZ-3654 មានប័ណ្ណសម្គាល់ និងស្លាកលេខក្លែងក្លាយ , និងម៉ូតូ១១គ្រឿង និងស្លាកលេខ១៤សន្លឹក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ខណៈដែលជនសង្ស័យក៏កំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបន្ត ចាត់ការតាមនិតិវិធីច្បាប់បន្តទៀត ៕


Telegram