ខេត្តបាត់ដំបង ៖ បុរសម្នាក់ ស្លៀកពាក់ឯកសណ្ឋានឈុតនគរបាលជាតិ ច្រៀងត្រាប់នៅក្នុងបណ្តាញសង្គម Tik Tok តាមបទ« សុំច្បាប់ប្រពន្ធចូលខារ៉ាអូខេ » ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើកំណត់ហេតុអប់រំណែនាំកុំឲ្យគាត់ប្រើប្រាស់ឯកសណ្ឋានបែបនេះ ទៅអនុវត្តឬប្រព្រឹត្តិនូវសកម្មភាព ណាមួយដែល នាំឱ្យប៉ះពាល់ដល់អង្គភាព ឬស្ថាប័ននគរបាលជាតិ ខណៈដែលកន្លងទៅ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជូនដំណឹងជាលាល័ក្ខអក្សរដល់គ្រប់អង្គភាពអធិការដ្ឋាននគរបាល ក្រុង ស្រុក ដែល មានប្រជាការពារ សូមបញ្ឈប់ការបំពាក់ ឬ អនុញ្ញាតឱ្យគាត់ប្រើប្រាស់ ឯកសណ្ឋានណាដែលស្រដៀងគ្នាជាមួយនឹងឯកសណ្ឋាននគរ បាលជាតិ នៅក្នុងពេលបំពេញភារកិច្ចប្រចាំថ្ងៃ ធ្វើបែបនេះ គឺដើម្បីចៀសវាងនូវការភាន់ច្រឡំ រវាងប្រជាការពារជាមួយមន្រ្តីនគរបាលជាតិពីមជ្ឈដ្ឋានមហាជននៅមូលដ្ឋាន ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ការឃាត់បុរសខាងលើ ដើម្បីយកមកធ្វើការអប់រំនេះ គឺបន្ទាប់ពីបានឃើញនូវរូបភាពវីដេអូក្នុងបណ្តាញសង្គម Tiktok លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវ ជ្រាវចំពោះរូបភាពនេះ ហើយនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងរកឃើញបុរសនោះគឺ ឈ្មោះ ផាន់ សម្បត្តិ អាយុ ៣៤ឆ្នាំ រស់នៅភូមិសំ រោងតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង គាត់ មានមុខរបរជាប្រជាការពារឃុំនរា ស្រុកសង្កែ ។
តាមការសាកសួរបំភ្លឺ រូបគាត់បានសារភាពថា គាត់ពិតជាបានផលិតរូបភាពជាវីដេអូ ដោយច្រៀងត្រាប់តាមបទ(សុំច្បាប់ប្រពន្ធចូលខារ៉ាអូខេ) ដោយបានស្លៀកពាក់ឯកសណ្ឋានឈុតប្រជាការពារ ស្រដៀងនឹងឯកសណ្ឋានឈុតនគរបាលជាតិរួចផុស Poste ចូលក្នុងបណ្តាញសង្គម TikTok ក្នុងរយៈពេលកន្លងមកដើម្បីជាការកំសាន្តសប្បាយផង និងចង់ឱ្យមានការចាប់អារម្ម ណ៍ពីអ្នកទស្សនាផងតែប៉ុណ្ណោះ។
ដោយសារការស្លៀកពាក់ឯកសណ្ឋានបែបនេះ បានបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋានមហា ជនទូទៅ ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គម TikTok និងមានការវាយតម្លៃក្នុងហេតុផល (អវិជ្ជមាន)ចំពោះមន្រ្តីនិងអង្គភាពនគរបាលជាតិ ពេលនេះសមត្ថកិច្ចនគរបាលបានសម្រេចដកហូតយកឯកសណ្ឋានឈុតនគរបាលជាតិ នោះមករក្សាទុកនិង បានធ្វើកំណត់ហេតុអប់រំណែនាំកុំឲ្យគាត់ប្រើប្រាស់ឯកសណ្ឋានបែបនេះ ទៅអនុវត្តឬប្រព្រឹត្តិនូវសកម្មភាព ណាមួយដែល នាំឱ្យប៉ះពាល់ដល់អង្គភាព ឬស្ថាប័ននគរបាលជាតិបន្តទៀត។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការភាន់ច្រឡំចំពោះរូបភាពជាឃ្លីបវីដេអូនៅក្នុងបណ្តាញសង្គមTikTokនេះ ៕